នយោបាយ

មន្ត្រីក្រសួងពា​ណិជ្ជកម្ម៖ EU គិតពន្ធគយ លើការនាំចូល អង្ករខ្មែរ មិនពាក់ព័ន្ធ EBA ទេ

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអះអាងថា ការគិតពន្ធលើការ នាំចូលអង្ករទៅសហភាពអឺរ៉ុប (EU) ឡើងវិញ ក្រោយការអាក់ខានជាច្រើនឆ្នាំមកនេះ មិនជាប់ពាក់ព័ន្ធទៅនឹងការ ដកពន្ធគ្រប់ប្រភេទ របស់កម្ពុជា លើកលែងអាវុធ (EBA) ។

សហភាពអឺរ៉ុប បានទុករយៈចំនួន១២ខែឲ្យកម្ពុជា ដើម្បីស្ដារស្ថានការណ៍នយោបាយឡើងវិញ តាមរយៈដោះលែងលោក កឹម សុខា បើកផ្លូវឲ្យមន្រ្តី អតីតគណបក្សសង្រ្គោះជាតិ ទាំង១១៨រូប និងបើកផ្លូវឲ្យអង្គការសង្គមស៊ីវិលនានា ចូលរួមធ្វើសកម្មភាពដោយសេរី នៅក្នុងសង្គមជាដើម ។

សម្រាប់ការគិតពន្ធ លើការនាំចូលរបស់អង្ករកម្ពុជា ត្រូវបានគណៈកម្មាធិការអឺរ៉ុប ប្រកាសកាលពីថ្ងៃទី១៦ មករាថា នឹងចាប់ផ្តើមកាត់ពន្ធនៅថ្ងៃទី១៨ មករានេះ តាមសំណើរបស់រដ្ឋាភិបាលអ៊ីតាលី ដែលគាំទ្រដោយបណ្ដារដ្ឋជាសមាជិក កំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេងទៀត។

ឆ្លើយតបទៅនឹងសំណួរអ្នកព័ត៌មាន ក្នុងសន្និសីទមានវិធានការ ការពារទប់ស្កាត់ការកាត់ពន្ធអឺរ៉ុប នាថ្ងៃរសៀលថ្ងៃទី១៨ មករានេះ លោក សុខ សុភ័ក្ត្រ បានថ្លែងថា “ការកាត់ពន្ធនាំអង្កររបស់កម្ពុជាទៅ EU មិនមែនជាប់ពាក់ព័ន្ធជាមួយ EBAទេ ។ រឿងនេះមិនមែននយោបាយទេ ប៉ុន្តែបកស្រាយខាងផ្នែកបច្ចេកទេស គឺគាត់បង្កើតពន្ធគយ ១២ខ្ទង់ ដើម្បីទាញអង្ករយើងឲ្យចូលទៅដូចអង្ករអ៊ីតាលីធ្វើ ចឹងគាត់យកបច្ចេកទេសទៅបំភ័ន្ត តាមរយៈបញ្ញត្តិក្នុងស្រុករបស់គាត់ ។ ចឹងកាលណា យើងពឹងលើផ្សារគេ យើងមិនអនុវត្ត តាមបញ្ញត្តិគេ អាហ្នឹងវាជាបញ្ហាហើយ” ។

សម្រាប់អង្ករក្រអូបដែលនាំទៅអឺរ៉ុប លោកថា គឺមានតែនៅខ្មែរទេដែលមានគុណភាពល្អ ហើយបើដាំនៅខាងប្រទេសផ្នែកអឺរ៉ុប គឺមិនកើតនោះទេ។

លោកបន្ថែមថា សហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជាតែលើកូដ ៤ប្រភេទប៉ុណ្ណោះគឺ 10063027, 10063048, 10063067 ជាប្រភេទអង្ករស និងកូដ 10063098 ជាប្រភេទអង្ករក្រអូប។

រដ្ឋលេខាធិការបញ្ជាក់ថា “អង្ករក្រអូបនេះ ដាំនៅអឺរ៉ុបម៉េចកើត តាំងពីដី តាំងពីអាកាសធាតុ តាំងពីក្លិនអ្វីមិនដូចគ្នាទាល់តែសោះ”។

ជាមួយគ្នានោះ លោកគូសបញ្ជាក់ថា កម្ពុជានៅតែសង្ឃឹម ក្នុងការចរចាជាមួយអឺរ៉ុប រឿងយកពន្ធអង្ករ រយៈពេល ៣ឆ្នាំ ។

លោកទទួលស្គាល់ថា នេះមិនមែនជាការធ្វើបាបកម្ពុជានោះទេ ប៉ុន្តែ​ EU ធ្វើទៅតាមច្បាប់បានកំណត់ទេ៕

ដោយ៖​ ខា ដា

Facebook Comments

To Top