នយោបាយ

កម្ពុជានឹង ខាតថវិកា៥០លានដុល្លារ ក្នុងមួយឆ្នាំ បន្ទាប់ពី EU ចាប់ផ្ដើមយកពន្ធអង្ករ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រោយពីសហគមន៍អឺរ៉ុប (EU) ចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាខាតបង់ថវិកា ប្រមាណ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ ។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងសន្និសីទសារព័ត៌មានវិធានការការពារទីផ្សារ ដោយសារសហភាពអឺរ៉ុប(EU) កាត់ពន្ធលើការនាំអង្ករនៅកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនៅថ្ងៃរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា “ជាធម្មតានាំអង្ករចេញចំនួន២៦៩ពាន់តោន ក្នុង១ឆ្នាំ ប្រហែលជាខាត៥០លានដុល្លារ ក្នុង១ឆ្នាំៗ”។

ប៉ុន្តែទោះបីជាយ៉ាងណា លោកថា ជួនកាលការនាំចេញមិនដល់ចំនួន២៦៩តោន ជួនកាលអាចតិចជាងហ្នឹង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ EU បានឲ្យដឹងថា ការសម្រេចគិតពន្ធនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាល​អ៊ីតាលីដែល​គាំទ្រដោយបណ្ដារដ្ឋជាសមាជិក កំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេងទៀតរួមមាន ៖ អេស្ប៉ាញ , បារាំង , ព័រទុយហ្គាល , ក្រិក , ហុងគ្រី , រូម៉ានី និងប៊ុលហ្គារី ។

ប៉ុន្តែករណីនេះ លោក សុខ សុភ័ក្ត្រ ថ្លែងបកថា នេះមកពីអង្ករអ៊ីតាលីគ្មានការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេង ជាពិសេស ក៏គ្មានគុណភាពល្អដែរ។

លោកថា កម្ពុជានឹងតវ៉ាជាមួយ EU អំពីការកាត់ពន្ធនាំអង្ករកម្ពុជានេះ គឺធ្វើឡើងផ្អែកតាមវិទ្យាសាស្រ្ត រូបមន្តអង្ករ និងយន្តការអន្តរជាតិផងដែរ៕

ដោយ ខា ដា

Facebook Comments

To Top