ព័ត៌មានជាតិ

ZhongAn និងGrab បង្កើតក្រុមហ៊ុនវិនិយោគរួមមួយ​ ដើម្បីបង្កើតទីផ្សារធានារ៉ាប់រង បែបឌីជីថល នៅតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ក្រុមហ៊ុនZhongAn Online P&C Insurance (“ZA Insurance) ដែលជាក្រុមហ៊ុនធានារ៉ាប់រង ផ្ដល់សេវាតាមអ៊ិនធឹណិតដំបូងគេ នៅក្នុងប្រទេសចិន បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ZhongAn Technologies International Group Limited (“ZA International”) និងក្រុមហ៊ុន Grab Holdings Inc (“Grab”) ដែលជាកម្មវិធីផ្ដល់សេវាកម្ម តាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នឹងបង្កើតក្រុមហ៊ុនវិនិយោគរួមមួយ ដើម្បីធ្វើអាជីវកម្មចែកចាយផលិតផល ធានារ៉ាប់រងបែបឌីជីថល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការវិនិយោគរួមនេះនឹងបង្កើត ជាផ្សារធានារ៉ាប់រងបែបឌីជីថល ដែលមានលក់ផលិតផលធានារ៉ាប់រង ដោយផ្ទាល់ក្នុងប្រភេទផ្សេងៗ ជាច្រើនតាមរយៈកម្មវិធីចល័តរបស់ Grab។ ក្រុមហ៊ុនវិនិយោគរួមនេះ នឹងសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង ក្នុងពិភពលោកដើម្បីអភិវឌ្ឍផលិតផល ដែលត្រូវបានបង្កើតឡើងជាពិសេស ឲ្យស្របតាបតម្រូវការនៃការ រស់នៅរបស់ប្រជាជនអាស៊ីអាគ្នេយ៍ ។ Grab នឹងដាក់ឲ្យដំណើរការកម្មវិធីធានារ៉ាប់រង បែបឌីជីថលនេះនៅ ក្នុងកម្មវិធីចល័តរបស់ខ្លួន ហើយនឹងប្រើប្រាស់មូលដ្ឋាន អ្នកប្រើប្រាស់ ដ៏ច្រើនរបស់ខ្លួនក៏ដូចជា ការយល់ដឹងរបស់ខ្លួន ផ្នែកអតិថិជនដើម្បីផ្ដល់នូវផលិតផល ធានារ៉ាប់រងតាមតម្រូវការ សម្រាប់អ្នកប្រើប្រាស់រាប់លាននាក់ ។

កម្មវិធីឌីជីថលនេះនឹងដាក់ឲ្យ ដំណើរការក្នុងប្រទេសសិង្ហបុរី នៅឆមាសទីមួយនៃឆ្នាំ២០១៩ មុនពេលត្រូវដាក់ឲ្យដំណើរការ នៅតាមប្រទេសផ្សេងទៀត ។ កម្មវិធីនេះនឹងផ្ដល់លទ្ធភាពដល់ ប្រជាជនដែលមិនប្រើសេវាធានារ៉ាប់រង ឬប្រជាជនដែលទទួលបានសេវា ធានារ៉ាប់រងមិនគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់អាចទទួលបាន នូវផលិតផលធានារ៉ាប់រង ដោយប្រើប្រាស់ទូរស័ព្ទចល័ត របស់ខ្លួនដែលធ្វើដូច្នេះអនុញ្ញាតឲ្យ ពួកគាតអាចស្វែងរក និងទូទាត់ដោយផ្ទាល់ លើផលិតផលធានារ៉ាប់រង ក្នុងតម្លៃសមរម្យតាមរយៈកម្មវិធី Grab ដោយពុំចាំបាច់ត្រូវឆ្លងកាត់ ភ្នាក់ងារឬឈ្មួញកណ្ដាលឡើយ ។

កាលពីឆ្នាំមុន Grab បានពង្រីកវិសាលភាពរបស់ខ្លួន លើសពីអាជីវកម្មស្នូល ផ្នែកដឹកជញ្ជូនដើម្បីក្លាយជា កំពូលកម្មវិធីនៅក្នុងតំបន់ហើយ ផ្ដល់ដល់អ្នកប្រើប្រាស់នូវសេវានានា ដូចជាសេវាដឹកជញ្ជូនម្ហូបអាហារ ដឹកជញ្ជូនកញ្ចប់ទំនិញដឹកជញ្ជូន គ្រឿងទេសសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មច្រើនទៀត ។ នៅឆ្នាំនេះ Grab នឹងពង្រីកទៅរកសេវាផ្ញើប្រាក់អន្តរជាតិ និងសេវាថែទាំសុខភាពតាមអនឡាញ ។

លោក Ming Maa ប្រធានក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ “ការដាក់ឲ្យដំណើរការនូវកម្មវិធី ផ្ដល់សេវាធានារ៉ាប់រង គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្ត របស់យើងក្នុងការក្លាយជាកំពូល កម្មវិធីឈានមុខគេសម្រាប់ បម្រើដល់ការរស់នៅ ប្រចាំថ្ងៃនៅក្នុងតំបន់ ។ ជាមួយនឹងការទាញយក ទៅប្រើប្រាស់ជាង ១៣០លានដង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានវត្តមាននៅក្នុងទីក្រុងចំនួន ៣៣៦ទីក្រុង ដូច្នេះការយល់ដឹងដ៏ស៊ីជម្រៅ របស់យើងទាក់ទិន នឹងឥរិយាបថរបស់អ្នកប្រើប្រាស់ និងតម្រូវការរបស់ពួកគេផ្ដល់ លទ្ធភាពឲ្យយើងអាចផ្ដល់នូវផលិតផល ធានារ៉ាប់រងដែលជួយបង្កើតគុណតម្លៃ សម្រាប់អតិថិជន របស់យើង” ។

លោក Wayne Xu អនុប្រធានក្រុមហ៊ុន ZhongAn ទទួលបន្ទុកអាជីវកម្ម អន្តរជាតិបានថ្លែងថា៖ “យើងមានសេចក្តីរីករាយ ក្នុងការប្រកាសពីភាពជាដៃគូ ស៊ីជម្រៅនេះជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនយក្សផ្នែក អ៊ិនធឹណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងរយៈកាលប្រាំឆ្នាំមកនេះក្រុមហ៊ុន ZA Insurance បានទទួលបទពិសោធន៍យ៉ាងច្រើន ក្នុងការផ្ដល់សេវាការពារហានិភ័យ ក្នុងជីវិតប្រចាំថ្ងៃដល់អតិថិជន ជាមនុស្សជំនាន់ថ្មី ។ យើងបានចាប់ដៃជាមួយ នឹងដៃគូផ្នែកអ៊ិនធឹណិតបែបនេះជាង ៣០០ក្រុមហ៊ុន ហើយបាននាំចេញ នូវសេវាកម្មបច្ចេកវិទ្យារបស់យើង ជាមួយនឹងគោលបំណងរួមមាន គឺដើម្បីកសាងប្រព័ន្ធសេវាធានារ៉ាប់រង ដែលមានក្រុមហ៊ុន ZhongAn ជាស្នូល។ យើងមានជំនឿ ចិត្តថាយើងអាចបំពេញតម្រូវការ ផ្នែកធានារ៉ាប់រងដល់អតិថិជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែ ប្រសើរជាងមុនតាមរយៈក្រុមហ៊ុន Grab នឹងក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេផ្សេងទៀត” ។

លោក Reuben Lai នាយកផ្នែកហិរញ្ញវត្ថុរបស់ Grab Financial បានថ្លែងថា៖ “បេសកកម្មរបស់យើងគឺនាំ យកនូវសេវាកម្មហិរញ្ញវត្ថុដែល សំខាន់និងមានតម្លៃសមរម្យមកទីផ្សារ អាស៊ីអាគ្នេយ៍។ តាមរយៈភាពជាដៃគូនេះយើងសង្ឃឹមថា នឹងផ្ដល់ដល់អ្នកប្រើប្រាស់ដៃគូ អ្នកបើកបរនិងពាណិជ្ជកររបស់យើង នូវសេវាធានារ៉ាប់រងដែលមានតម្លៃ សមរម្យសម្រាប់ការពារពួកគេពី ភាពមិនប្រាកដប្រជាក្នុងជីវិតរស់នៅ។

ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវា ទូទាត់ឌីជីថលតែមួយគត់ដែល មានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ នៅក្នុងបណ្ដាប្រទេសធំៗទាំងប្រាំមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍យើង នឹងប្រើប្រាស់វិសាលភាព គ្របដណ្ដប់ថ្នាក់តំបន់របស់យើង និងធ្វើការជាមួយនឹងក្រុមហ៊ុនដៃគូ ផ្នែកសេវាធានារ៉ាប់រងលំដាប់ ពិភពលោកដើម្បីពង្រីកវិសាលភាពរបស់ យើងនៅក្នុងទីផ្សារឲ្យបានលឿន” ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top