ព័ត៌មានជាតិ

រថយន្តបើកវ៉ាជែងមិនប្រយ័ត្ន បុកម៉ូតូ១គ្រឿង រងរបួសធ្ងន់២នាក់

ភ្នំពេញ៖ រថយន្តប្រភេទដឹកដី១គ្រឿង បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូ១គ្រឿង រងរបួសធ្ងន់២នាក់ កាលពីវេលា ម៉ោង១២និង៥០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា រថយន្តបង្កម៉ាករ៉ាយណូ ពណ៌សលាយបៃតងចាស់ ប្រភេទដឹកដី ពាក់ស្លាកលេខក-៦៩៣៨ ភព៣ បើកបរដោយ ឈ្មោះហុក សុគន្ធា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខភ្នំពេញ1F-2711 បើកបរដោយឈ្មោះរិន ម៉ារីយា ភេទស្រីអាយុ១៥ឆ្នាំ រស់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយម្នាក់ទៀត ឈ្មោះ រិន យ៉ាវេន ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ដូចគ្នា ។ ជនរងគ្រោះទាំងពីរនាក់ខាងលើ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ ដើម្បីជួយសង្រ្គោះភ្លាៗផងដែរ ។

រីឯមូលហេតុមកពីអ្នកបើកបររថយន្ត បើករវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមកកាន់អធិការនគរបាលស្រុក ។

ចំណែកវត្ថុតាង បន្ទាប់ពីបានធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចយកមករក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការអនុវត្តន៍តាមនីតិវិធី ៕

Facebook Comments

To Top