នយោបាយ

សម្តេចតេជោ៖ កម្ពុជានឹងធ្វើផ្លូវក្រោមទឹក និងស្ពានអាកាស៤ទៀត ហើយនឹងឈប់អួត ដោយសារមានច្រើន (មានវីដេអូ)

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ នានាពីសំណាក អតីតមេបក្សប្រឆាំង ចំពោះស្ពានអាកាសនៅកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលខាងមុខនេះ កម្ពុជានឹងធ្វើស្ពានអាកាស ៤កន្លែងទៀត ដើម្បីបំពេញតម្រូវការ ពលរដ្ឋក្នុងការធ្វើដំណើរ ខណៈស្ពានអាកាស៥កន្លែង កំពុងដាក់ឲ្យប្រើប្រាស់ ហើយពេលនោះ នឹងឈប់អួតហើយ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានថ្លែងថា រឿងស្ពានអាកាសនេះ មានអ្នកខ្លះ គេពេបជ្រាយថា មានតែស្ពានអាកាសតែមួយ សោះអួតនោះអួត សម្តេចថា បើមិនឲ្យអួតយ៉ាងម៉េច បើពីអតីតកាលកម្ពុជា ពុំមានស្ពានអាកាស ប្រើប្រាស់ដូចសម័យបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចទេ ដូច្នេះត្រូវតែអួត ។

សម្តេចបន្តថា “បច្ចុប្បន្នមាន៥កំពុងដាក់ឲ្យប្រើប្រាស់ និងមួយទៀតកំពុងក៏សាងនៅចោមចៅ ហើយគម្រោងនឹងធ្វើ៤ទៀត ហើយយើងឈប់អួតទៀតហើយ ដោយសារមានច្រើនទៀត” ។

សម្តេចបានថ្លែងទៀតថា “តិចទៀតនឹងធ្វើផ្លូវក្រោមទឹក ដោយមិនបាច់ធ្វើស្ពានឆ្លងទន្លេទៀតទេ ពេលនោះ យើងអួតទៀតហើយ ដល់ពេលមានច្រើនលែងអួតហើយ”។

សម្តេចបានលើកឡើងទៀតថា បើនៅសៀងហៃ ភាគច្រើនធ្វើដំណើរការផ្លូវអាកាស ៕

Facebook Comments

To Top