ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បញ្ជាបិទមន្ទីរពេទ្យ វ៉ិចតូរៀ ក្រោយបង្ខាំងមនុស្ស ឲ្យទទួលសេវាវះកាត់ តម្លៃ២០០០ដុល្លារ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញបទបញ្ជាបិទមន្ទីរពេទ្យ វ៉ិចតូរៀ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោយពេទ្យឯកជនមួយនេះបាន បង្ខាំងមនុស្សឲ្យទទួលសេវាវះកាត់ ក្នុងតម្លៃ២០០០ដុល្លារ ។

លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ថា ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាម លោករដ្ឋមន្រ្តីបានចាត់ក្រុមការងារ ចុះទៅដោះស្រាយភ្លាម។

លោកស្រីបន្តថា “ជាលទ្ធផលគឺនៅមុននេះបន្តិច មន្ទីរពេទ្យ វ៉ិចតូរៀ ត្រូវបានរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៉ុនហេង បញ្ជាឲ្យបិទមន្ទីរពេទ្យតែម្តង”។

គួរបញ្ជាក់ថា មានអ្នកជំងឺមកពិនិត្យជំងឺនៅមន្ទីរពេទ្យ វ៉ិចតូរៀ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក តែបែរជាមានការបង្ខិតបង្ខំឲ្យវះកាត់ ដោយគ្រូពេទ្យថា បើមិនវះកាត់អាចត្រូវស្លាប់ ហើយទារលុយ២០០០ដុល្លារទៀ ប៉ុន្តែដោយអ្នកជំងឺពុំមានថវិកាឲ្យ ក៏ខាងមន្ទីរពេទ្យ បានចាក់សោបិទទ្វារឃុំ មិនឲ្យចេញក្រៅ កាលពីយប់ថ្ងៃទី១៣ មករា។

ភ្លាមៗ នោះ រឿងរ៉ាវនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ពលរដ្ឋ ទើបជនរងគ្រោះបានទំនាក់ទំនង សុំការអន្តរាគមន៍ពីសមត្ថកិច្ច ហើយសមត្ថកិច្ចពីរនាក់ ក៏បានមកដល់កន្លែងកើតហេតុ ប៉ុន្តែក៏មិនបានអន្តរាគមន៍ណាមួយ ចំពោះហេតុការណ៍ ដែលកើតឡើងនេះដែរ ៕
ដោយ ៖ព្រឿង វិសាល

Facebook Comments

To Top