តារា

ព្រះកាយ ច័ន្ទ ក្លាយជាអ្នករាំរបាំ​ ក្នុងរឿង​ “ពិសស្នេហ៍” មានទាំងគំនុំនិងភ័យរន្ធត់​ ត្រៀមបញ្ចាំងឆាប់ៗនេះ

ភ្នំពេញ៖  គ្រាន់តែចូលដល់ដើមឆ្នាំ២០១៩ ភ្លាម ស្ថានីយទូរទស្សន៍លេខ៥មិនបង្អង់យូរឡើយបានធ្វើពិធីក្រុងពាលីរឿង ភាគថ្មី “ពិសស្នេហ៍” ដែលជារឿងភាគល្អមើល មានទាំងគំនុំសងសឹក និង ឈុតភ័យរន្ធត់​ ដោយមានលោក សូ ឆានី និង កញ្ញា ព្រះកាយ ច័ន្ទ ជាតួឯកប៉ះគ្នាម្តងទៀត។

ក្នុងពិធីក្រុងពាលីរឿងភាគថ្មី “ពិសស្នេហ៍” ក្នុងស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៥ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កញ្ញា ព្រះកាយ ច័ន្ទ បានថ្លែងឱ្យដឹងថា  រឿងភាគនេះ នាងនឹងដើរតួជានារីរបាំប្រចាំព្រះរាជវាំង ហើយលោក សូ ឆានី វិញជាមេទ័ព ការពារស្តេច ។ រឿងនេះនាងត្រូវមេទ័ព ដាក់បណ្តាសាឲ្យនាង​ ក្លាយជាខ្មោចយាមទ្រព្យសម្បត្តិរបស់ស្តេច មិនឱ្យសត្រូវឈ្លានពានទឹកដី រកឃើញកន្លែងលាក់ឡើយ។

តារាស្រីរូបនេះបាននិយាយថា “ខ្ញុំឱ្យតែបានជួបគាត់(សូ ឆានី) ខ្ញុំដឹងថាសាច់កម្ម ម៉ង។ កាលក្នុងសាច់រឿង ទណ្ឌកម្មស្នេហ៍ គាត់ធ្វើបាបខ្ញុំរហូត ដោយឡែកខុស ពីរឿងនេះ (ពិសស្នេហ៍) គាត់ធ្វើបាបខ្ញុំ ប៉ុន្តែខ្ញុំមានឱកាសសងសឹក ។ អញ្ចឹងមានន័យថា ស្មើរគ្នា។ ថ្ងៃនេះពិតជាមានអារម្មណ៍ថា រំភើប ឥតគណនា  ដែលបានជួបដៃគូចាស់របស់នាងខ្ញុំ។”

ក្រុមផលិតករ និងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្តែងការអបអរ ដែលមានស្នាដៃថ្មីសម្រាប់ដើមឆ្នាំ២០១៩នេះ ដែលត្រៀមចាក់បញ្ចាំង ប៉ុន្មានខែទៀតខាងមុននេះ។ រឿង “ពិសស្នេហ៍” នឹងដឹកនាំផលិតធ្វើយ៉ាងណាឱ្យល្អ និង ខ្លាំងដូចរឿង “ទណ្ឌកម្មស្នេហ៍” ដែលមានទស្សនិកជនជាច្រើនគាំទ្រយ៉ាងខ្លាំង។

ជាពិសេសលោក សូ ឆានី និង កញ្ញា ព្រះកាយ ច័ន្ទ ត្រូវបានមហាជន និងអ្នកដឹកនាំរឿងសរសើរចំពោះស្នាដៃ “ទណ្ឌកម្មស្នេហ៍” ដែលតួទាំងពីររូបនេះ ធ្វើឱ្យផ្ទុះគាំទ្រយ៉ាងខ្លាំង និងបានសម្តែងអស់ពីសមត្ថភាព។ ដូច្នេះរឿង “ពិសស្នេហ៍” នឹងផលិតឱ្យចេញមកផ្ទុះការគាំទ្រខ្លាំង ដូចស្នាដៃកន្លងមកដូចគ្នា។

រឿង “ពិសស្នេហ៍” ក្រៅពីតួឯកទាំងពីររូបនោះ ហើយមាន តារាល្បីៗដូចជា កញ្ញា ទឹម រដ្ឋា, លោក សន ពិសិដ្ឋ, លោក ជា សំណាង, លោក ហេង ដារី, អ្នកនាង ញឹម ច័ន្ទថន, លោក បូរី ចិត្ត និង លោក ផេង សុខដែន រួមទាំងអ្នកសិល្បៈជាច្រើននាក់ផ្សេងផងដែរ៕

Facebook Comments

To Top