ព័ត៌មានជាតិ

ពីក្មេងគង្វាល សង្វាតសិក្សា ក្លាយជាអ្នកនិពន្ធ និងត្រូវបានបារាំង សុំទិញសិទ្ធិ សៀវភៅ បោះពុម្ព បន្តជា២ភាសា

ភ្នំពេញ ៖ កើតនៅក្នុងស្រុកស្រីស្នំ នៃទឹកដីអង្គរ ខេត្តសៀមរាប និស្សិត យ៉ុន រឿយ ដែលពីកុមារភាព ជាក្មេងឃ្វាលគោម្នាក់ បានខិតខំសិក្សារៀនសូត្រ វិវត្តន៍ខ្លួនជាបន្តបន្ទាប់ រហូតក្លាយទៅ ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា “The Journey of A Cambodian Cowboy” ដែលមានកម្រាស់៧២ទំព័រ រៀបរាប់ពីជីវិតតស៊ូ របស់ក្មេងប្រុសម្នាក់ រហូតសម្រេចក្ដីស្រម៉ៃផ្សេងៗ ជាបន្តបន្ទាប់ ។

ក្រោយពីស្រ្តីជាជនជាតិបារាំងម្នាក់ បានអានចប់សព្វគ្រប់ និងមានចំណាប់អារម្មណ៍ ចង់ជួយលើកកម្ពស់ស្នាដៃ និពន្ធយុវជនខ្មែរ ស្រ្តីរូបនោះបានព្យាយាម បកប្រែសៀវភៅ”The Journey of A Cambodian Cowboy”ទៅជាភាសាបារាំង ហើយផ្ញើទៅកាន់រោងពុម្ពមួយ នៅប្រទេសបារាំង ។ បន្ទាប់ពីបានអានរួច និងគិតថា មានខ្លឹមសារអប់រំល្អម្ចាស់ រោងពុម្ពខាងលើ បានសុំទិញសិទ្ធិសៀវភៅ យកទៅបោះពុម្ពនៅប្រទេសបារាំង ជា២ភាសាបន្ថែមទៀត គឺភាសាអង់គ្លេស និងភាសាបារាំង ។

កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបាត់ដំបង និស្សិត យ៉ុន រឿយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៩នេះបន្ថែមថា “ខ្ញុំបានព្យាយាម និពន្ធសៀវភៅ ដែលមានចំណងជើងថា “The Journey of A Cambodian Cowboy” ជីវិតក្មេងគង្វាល ដែលបានសរសេរ តាំងពីឆ្នាំ២០១៣ និងបោះលើកទីមួយ នៅឆ្នាំ២០១៦ នៅក្នុងការបោះពុម្ពលើកទីមួយ គឺមានតែពីរភាសាទេ គឺខេមរភាសា និងភាសាអង់គ្លេស ។ ក្រោយមកជនជាតិបារាំងម្នាក់ បានបានទិញសៀវភៅនេះ យកទៅអានហើយក៏ មានការចាប់អារម្មណ៍ជនជាតិ បារាំងម្នាក់នោះ ក៏យកទៅបកប្រែជាភាសារបស់ខ្លួន រួចហើយនាងក៏បានផ្ញើទៅរោងពុម្ពនៅប្រទេសបារាំង ក្រោយពីបានអានរឿងចប់ ម្ចាស់រោងពុម្ពនោះផ្តើមចាប់ អារម្មណ៍និងសុំសិទ្ធិយកទៅបោះពុម្ព ជាលើកទី២ នៅប្រទេសបារាំង”។

គួរបញ្ជាក់ថា និស្សិត យ៉ុន រឿយ មានស្រុកកំណើតនៅស្រុកស្រីស្នំ ខេត្តសៀមរាប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេស រយៈពេល ៤ ឆ្នាំ នៅសាកលវិទ្យាល័យបាត់ដំបង ដោយសិក្សាបណ្តើរធ្វើការងារបណ្តើរ។
បច្ចុប្បន្នយុវជនរូបនេះ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបាត់ដំបងផងដែរ ។ យុវជន យ៉ុន រឿយ បានអភិវឌ្ឍសមត្ថភាព របស់ខ្លួនយ៉ាងលឿន និងធ្លាប់បានផ្លាស់ប្ដូរទស្សនកិច្ចសិក្សា នៅក្រៅប្រទេសជាច្រើនលើកច្រើនសារផងដែរ៕

Les aventures d’un cowboy cambodgien

Facebook Comments

To Top