នយោបាយ

តុលាការកោះហៅ លោក ប៉ាវ ស៊ីណា ចូលបំភ្លឺករណីញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ថ្ងៃ១៧ មករា

ភ្នំពេញ ៖ ក្រោយសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់លោក ប៉ាវ ស៊ីណា ប្រធានសហជីពកម្មករកម្ពុជា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា និងមិនគោរពសេចក្ដីសម្រេចរបស់តុលាការ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តុលាការបានកោះហៅ ឲ្យចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ។ នេះបើយតាមដីការរបស់តុលាការ។

លោក ប៉ាវ ស៊ីណា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា “ដីកាកោះឲ្យចូលខ្លួន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំណើត នៅថ្ងៃទី១៧ មករា វេលាម៉ោង ២រសៀល” ។

លោកបន្តថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ លោកគឺជាជនរងគ្រោះ ស្ទើរតែបាត់បង់ជីវិត តែអាជ្ញាធរខេត្ត និងមន្ត្រីតុលាការ បែរជាបង្វែររឿងឲ្យលោក ក្លាយទៅជាជនល្មើសទៅវិញ ។

លោកសង្កត់ធ្ងន់ថា “មន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីតុលាការ អស់លោកធ្លាប់បានស្បថយ៉ាងម៉េចខ្លះ មុនចូលកាន់តួនាទីនេះ ដូច្នេះអស់លោក នឹងចាញ់ពាក្យសម្បថរបស់ខ្លួន ក្នុងពេលដ៏ឆាប់ខាងមុខនេះ” ។

សូមបញ្ជាក់ថា លោក ប៉ាវ ស៊ីណា ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា និងមិនគោរពសេចក្ដីសម្រេច របស់តុលាការ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានបានប្រព្រឹត្តនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ដែលបទល្មើសមានចែង និងបានផ្ដន្ទាទោសតាមមាត្រា ៤៩៥ , ៤១០ , ៥២៣ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ក្រោយពីដាក់រឿងជំនុំជម្រះ៕ ដោយ៖ធី លីថូ

Facebook Comments

To Top