ព័ត៌មានជាតិ

ក្រសួង ដាក់ចេញគន្លឹះសំខាន់៧ ដើម្បីបន្តនិរន្តរភាពគ្រប់គ្រង និងអភិវឌ្ឍន៍សម្បទានដី សេដ្ឋកិច្ចឲ្យ មានប្រសិទ្ធភាព

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងវេទិកាសាធារណៈជាមួយក្រុមហ៊ុន វិនិយោគសម្បទានដីសេដ្ឋកិច្ច នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានដាក់ចេញគន្លឹះសំខាន់៧ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចឲ្យ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

គន្លឹះសំខាន់៧ចំណុចនោះរួមមាន៖ ១.ក្រុមហ៊ុនវិនិយោគសម្បទានដី សេដ្ឋកិច្ចទាំងអស់ត្រូវបង្កើនល្បឿនដាំដុះដំណាំទៅតាមផែនការផលិតកម្ម ដោយត្រូវសហការជាមួយលេខាធិការដ្ឋាននិងស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់។

២.ដើម្បីអនុវត្ត និងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព លេខាធិការដ្ឋានត្រូវរៀបចំបញ្ជីក្រុមហ៊ុនជាបីប្រភេទ៖ ១. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗបានល្អប្រសើរ , ២. ក្រុមហ៊ុនសម្បទានដី សេដ្ឋកិច្ចដែលបាន និងកំពុងដំណើរការអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗឲ្យបានពេញលេញ និង៣. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលមិនបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗ ត្រូវធ្វើឲ្យបានពេញលេញល្អប្រសើរ។

៣. លេខាធិការដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តត្រូវសហការដោះស្រាយ និងត្រូវបញ្ចប់រាល់បញ្ហាដែលនៅសេសសល់លើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចក្នុងស្មារតីទទួលខុសត្រូវ។

៤. ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីឲ្យក្រុមការងារអន្តរក្រសួងចុះធ្វើអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយដើម្បីចំណេញពេលវេលា កាត់បន្ថយបែបបទរដ្ឋបាល និងបង្កើនប្រសិទ្ធភាពការងារ។

៥. អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច រៀបចំប្រកាសរួមស្តីពីកម្រៃសេវាសាធារណៈនៃការផ្តល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្ម។

៦. អគ្គនាយកដ្ឋានកៅស៊ូ ត្រូវពិនិត្យឡើងវិញនូវការព្យួរទុក សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូមួយអន្លើរសិន ប្រសិនបើមិនមានការចាំបាច់នាពេលបច្ចុប្បន្ននោះទេ ។

៧. អគ្គនាយនាយកដ្ឋានកៅស៊ូត្រូវរៀបចំសេចក្តីព្រាង សំណើស្នើសំទៅសម្តេចតេជោ ដើម្បីពិនិត្យ និងសម្រេចឡើងវិញទាក់ទងទៅនឹងការយកតម្លៃបង់ពន្ធកៅស៊ូនាំចេញ ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានគម្រោងវិនិយោគសរុបចំនួន២២៩គម្រោងដែលមានទំហំផ្ទៃដីតាមកិច្ចសន្យាសរុបចំនួន១ ១៦៨ ៤៣០ហិកតា ក្នុងនោះផ្ទៃដីធ្វើអាជីវកម្ម-ផលិតកម្មមានចំនួន ៩៣៨ ៨៤៥ហិកតា ផ្ទៃដីដែលបានដាំដុះដំណាំកសិ-ឧស្សាហកម្មមានចំនួន ៤២១ ៣១២ហិកតា ការសាងសង់ប្រព័ន្ធផ្លូវបានចំនួន ១៦ ៤០៨គីឡូម៉ែត្រ និងបានស្រូបយកកម្លាំងពលកម្មសរុបចំនួន ៤៤ ០៨៧នាក់៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top