ព័ត៌មានជាតិ

នរោត្តម បុប្ផាទេវី​ និងពី​ក្រុមហ៊ុន​​ លីលី ឆ្នោតផ្សងសំណាង ផ្ដល់ជំនួយដល់​ សាលាបឋមសិក្សា ស្រម៉រ ខេត្ត​តាកែវ

ភ្នំពេញ​៖​ លោកស្រី អេកូលី អគ្គនាយករងមូលនិធិ នរោត្តម បុប្ផាទេវី បានបញ្ជាក់ថា គោលគំនិត​ដំបូង របស់មូលនិធិ គឺជួយគាំទ្រ និងលើកស្ទួយរបាំបុរាណ ដោយសារវាមានសារៈសំខាន់ ចំពោះអត្តសញ្ញាណជាតិ។

បន្ទាប់​ពី​មាន​កិច្ច​សហការណ៏ឧបត្ថម្ភថវិកា ពី​ក្រុមហ៊ុន​ឆ្នោត​សប្បុរសធម៌ លីលី ដែល​ទើប​ចាប់ផ្ដើម​ដំណើរការលក់ ក្នុង​ទីផ្សារកម្ពុជាជាផ្លូវការ ​និងយល់ឃើញថាកុមារកម្ពុជា នៅត្រូវការ ចំណេះដឹងបន្ថែមទៀតនោះ មូលនិធិបានពង្រីកការគាំទ្រ ដល់ការអប់រំ និងការថែទាំសុខមាលភាពដល់កុមារ​។

ការបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងពិធីចែកសម្ភារៈសិក្សា និងថវិកា មួយ​ចំនួន​ដល់សិស្សានុសិស្ស ចំនួន៤៤០នាក់ និងលោកគ្រូ អ្នកគ្រូ ២៦នាក់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាស្រម៉រ ដែលស្ថិតនៅភូមិខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

តំណាងមូលនិធិ បញ្ជាក់នាឱកាសនោះទៀតថា ស្ថាបនិកមូលនិធិចង់ឃើញក្មួយៗ រៀបចំខ្លួនរួចរាល់ សម្រាប់អនាគត ប្រកបដោយចំណេះដឹង និងសុខភាពល្អ ដោយគ្រប់គ្នា បានទទួលស្គាល់ថា ការបំពេញតម្រូវការរបស់កុមារ អាចឱ្យយើងទទួលបានធនធាន សង្គមដែលល្អ។ នេះគឺជាវិថីជីវិតដែលកុមារ ត្រូវចាប់ផ្តើមជាមួយជំហានតូចៗ។ ហើយការគាំទ្ររបស់យើង ដែល​នឹងជួយអោយពួកគេ ផ្តោតលើការសិក្សាពេញលេញ គឺមានសារៈសំខាន់ណាស់ សម្រាប់សម្រេចជំហានទាំងនោះ ដោយការជួយធនធាន ជំនាន់ក្រោយ យើងអាចកែលម្អ សហគមន៍ដែលគេរស់នៅ និងអនាគតរបស់ជាតិ ហើយនៅពេលពួកគេប្រឹងប្រែងរៀនសូត្រ ពួកគេនឹងទទួលបានចំណេះដឹង ហើយមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីក្លាយជាធនធាន ដែលមានទេពកោសល្យ សម្រាប់សង្គមជាតិ។

ជាមួយគ្នានេះដែរ អគ្គនាយករងមូលនិធិ នរោត្តម បុប្ផាទេវី បានថ្លែងអំណរគុណដល់ ដៃគូគាំទ្រ ដល់សកម្មភាពមូលនិធិ សម្រាប់ជាជំនួយ របស់ក្រុមហ៊ុនឆ្នោត សប្បុរសធម៌ លីលី សម្រាប់ការគាំទ្រចាប់តាំង ពីថ្ងៃដំបូងរហូតដល់បច្ចុប្បន្ន៕

ដោយ​ ៖​ អេង​  ប៊ូឆេង​

Facebook Comments

To Top