ព័ត៌មានជាតិ

កម្មករ និងសាច់ញាតិ នឹងគោរពវិញ្ញាណក្ខន្ធ១៥ឆ្នាំ លោក ជា វិជ្ជា នៅថ្ងៃ២២ មករា

ភ្នំពេញ៖​ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិរបស់លោក ជា វិជ្ជា ចំនួន១៥០នាក់ នឹងរៀបចំជួបជុំគ្នាដាក់កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធគំរបខួប១៥ឆ្នាំ របស់លោក នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ នៅកន្លែងតម្កល់រូបសំណាក់លោក ជា វិជ្ជា តែម្ដង ។

មកដល់ឆ្នាំ២០១៩នេះ គឺជាខួប១៥ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញ កាលពីជាង២ទស្សវត្សន៍មុន ដែលត្រូវឃាតកបាញ់សម្លាប់នៅមុខតួបលក់កាសែត ក្បែរវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។

យោងតាមលិខិតសហព័ន្ធសហជីពសេរីកម្មករកម្ពុជា ផ្ញើទៅអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៩ មករា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ សហជីព សមាជិកសមាជិកា សហជីព ព្រមទាំងក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ តែងតែរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានឃាតកបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ហើយក៏រដ្ឋបាលរាជធានីភ្នំពេញ ក៏អនុញ្ញាតជូនជាហូរហែរមកផងដែរ។

លិខិតបន្តថា “សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងចង់ចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក ជា វិជ្ជា ដែលជាវិរៈជនកម្មករដ៏ឆ្នើម នឹងធ្វើនៅថ្ងៃ ២២ មករា” ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top