នយោបាយ

នាយករដ្ឋមន្ត្រីទុកពេល១ខែ ឲ្យប្រមូលលិខិតឆ្លងដែនការទូត ពីអ្នកពុំមានសញ្ជាតិខ្មែរ ពីកំណើត ខណៈមានព័ត៌មានថា លោកស្រី យីងឡាក់ មានលិខិតឆ្លងដែនកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានរាយការណ៍ថា មានកាន់លិខិត ឆ្លងដែនរបស់កម្ពុជា ដើម្បីភៀសខ្លួនចេញពីប្រទេសថៃ កាលពីឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកពេលឲ្យ ១ខែ ដល់ក្រសួង ស្ថាប័ន ដែរបានស្នើសុំលិខិតឆ្លងដែនការទូត ជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ត្រូវប្រមូលលិខិតឆ្លងដែនទាំងនោះ ជូនក្រសួងការបរទេសខ្មែរ ។

តាមរយៈសារាចរណែនាំ ស្ដីពី ការផ្ដល់លិខិតឆ្លងដែនការទូត ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី១២ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គល ដែលជាពលរដ្ឋបរទេស ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការ ។ ក្នុងចំណោមបុគ្គលទាំងនោះ មានខ្លះបានចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់ លិខិតឆ្លងដែនការទូត នៃព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចបន្តថា ដោយសង្កេតឃើញ ពីភាពមិនចាំបាច់ក្នុងការ ប្រើប្រាស់លិខិតឆ្លងដែនការទូត ក្នុងករណីបែបនេះ និងដើម្បីបង្ការ ទប់ស្កាត់ប្រើប្រាស់លិខិតឆ្លងដែនការទូត មិនត្រឹមត្រូវតាមបេសកកម្ម ស្របតាមអនុក្រឹត្យលេខ២០២ អនក្រ.បក. ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្ដីពីការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាលសម្រេចធ្វើការណែនាំបន្ថែម អំពីបែបបទនៃការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត លើចំណុច ៤សំខាន់ៗ ដូចខាងក្រោម៖

ទី១.លិខិតឆ្លងដែនការទូត នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្ដល់ជូនទីប្រឹក្សា ឬជំនួយការដែលគ្មានសញ្ជាតិខ្មែរពីកំណើត របស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល យល់ថាចាំបាច់បំផុត ។

ទី២.រាល់ក្រសួង ស្ថប័ន មានភារកិច្ចប្រមូល លិខិតឆ្លងដែនការទូត ដែលក្រសួង ស្ថប័ននោះបាន ស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនទាំងនោះ ជូនក្រសួងការបរទេសខ្មែរ មិនឲ្យហួសពីរយៈពេល ១ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ ។

ទី៣.ក្រសួងការបរទេសខ្មែរ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបាន ផ្ដល់ជូនបុគ្គល ដែលគ្មានសញ្ជាតិខ្មែរពីកំណើត ។

ទី៤.ក្រសួងមហាផ្ទៃ មានភារកិច្ចសហការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែន ការទូតទាំងនោះសម្រាប់ ការចេញចូល នៅតាមច្រកទ្វារព្រំដែននានា នៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានរាយការណ៍ថា គឺជាអ្នកកាន់លិខិត ឆ្លងដែនកម្ពុជា កាសែត South China Morning Post បានដឹងពីការបន្ថែមទម្ងន់ ទៅលើទ្រឹស្តីដែលលោកស្រី បានភៀសខ្លួនចេញពីប្រទេសថៃ នៅឆ្នាំ២០១៧ តាមរយៈប្រទេសកម្ពុជាទោះបីជាមានការបដិសេធយ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលក្រុងភ្នំពេញក៏ដោយ ។

ឯកសាររបស់សាជីវកម្ម នៅហុងកុង បានបង្ហាញថា លោកស្រីយីងឡាក់ អាយុ ៥១ឆ្នាំបានប្រើប្រាស់ លិខិតឆ្លងដែនកម្ពុជា ដើម្បីចុះបញ្ជីជានាយកតែមួយ គត់នៃក្រុមហ៊ុន PT Corporation Co ដែលបានដាក់បញ្ចូល នៅក្នុងទីក្រុងកាល ពីថ្ងៃទី២៤ ខែសីហា ឆ្នាំមុនជិតមួយឆ្នាំទៅមួយថ្ងៃ បន្ទាប់ពីលោកស្រីបានចូលខ្លួនឯង និងដាក់ការនិរទេសខ្លួនមុនការកាត់ទោស ចំពោះការធ្វេសប្រហែស ព្រហ្មទណ្ឌ។

ឯកសារទាំងនោះក៏ផ្ទុយ នឹងការអះអាងរបស់រដ្ឋាភិបាល កម្ពុជាថា ខ្លួនមិនបានចេញលិខិតធ្វើដំណើរ ទៅឱ្យលោកស្រី នៅពេលដែលលោកស្រីចាកចេញ ពីប្រទេសថៃ ក្រោមកាលៈទេសៈអាថ៌កំបាំង ដែលត្រូវបានគេសន្មត់ថាស្ថិតនៅ ក្រោមការត្រួតពិនិត្យ ២៤ម៉ោងដោយរដ្ឋាភិបាល យោធា ៕
ដោយ៖ ខា ដា

Facebook Comments

To Top