អន្តរជាតិ

តំណាងរាស្រ្តហ្វីលីពីន៖ ចិនកំពុងប្លន់អាហារ ពីហ្វីលីពីន

ម៉ានីល៖ តំណាងរាស្រ្ត នៅក្នុងសភាហ្វីលីពីន លោក Gary Alejano បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើងនៃវត្តមាន ទូកនេសាទចិននៅ ភាគខាងលិចសមុទ្រហ្វីលីពីន គឺបានបង្ហាញពីរបៀប ដែលទីក្រុងប៉េកាំង ប្លន់អាហារពីប្រជាជនហ្វីលីពីន ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា របាយការណ៍ពីមជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅ ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ចំនួនទូកនេសាទចិននៅ ភាគខាងលិចសមុទ្រហ្វីលីពីន បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

បើតាមវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ The think tank កាលពីពេលថ្មីៗនេះ បានបញ្ចេញរូបភាពផ្កាយរណប ដែលបង្ហាញពីវិសាលភាពដែល តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន កំពុងត្រូវបានប្រើប្រាស់ ដោយក្រុមកប៉ាល់នេសាទបរទេស ។

លោក Alejano បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “អាហាររបស់ប្រជាជនហ្វីលីពីន ត្រូវបានប្លន់ដោយជនជាតិចិន នៅក្នុងទឹកដីរបស់យើង ។

តំណាងរាស្រ្តរបស់ គណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ពីគោលនយោបាយ របស់លោកប្រធានាធិបតី Rodrigo Duterte ចំពោះប្រទេសចិន ដែលបានស្ងាត់ស្ងៀមលើការ ធ្វើទុក្ខបុកម្នេញប្រឆាំងនឹងអ្នកនេសាទ និងទាហានហ្វីលីពីន ដែលឈរជើងនៅតំបន់នោះ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top