ព័ត៌មានជាតិ

កម្ពុជា នឹងចូលរួម ព្រឹត្តិការណ៍ ពិព័រណ៍សូត្រ អន្តរជាតិ លើកទី៤ នៅប្រទេសចិន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំ សិរីរតន៍ បានលើកឡើងថា កម្ពុជានឹងចូលរួមព្រឹត្តិការណ៍ ពិព័រណ៍សូត្រអន្តរជាតិ លើកទី៤ (4th Silk Road International Expo) ដែលគ្រោងរៀបចំឡើង នៅក្នុងខេត្តសានស៊ី ប្រទេសចិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ដើម្បីដកស្រង់បទពិសោធន៍ ទាក់ទងការអភិវឌ្ឍន៍វិស័យសូត្រ និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ការលើកឡើងរបស់ លោករដ្ឋលេខាធិការ បានធ្វើឡើង តបទៅនឹងសំណើអញ្ជើញជាផ្លូវការរបស់លោកអភិបាលរងខេត្តសានស៊ី វួយ ចឹងជិន ដែលបានដឹកនាំប្រតិភូ ធ្វើការស្វែង យល់អំពីស្ថានភាពវិស័យសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។

នៅក្នុងឱកាសនោះដែរ លោក សំ សិរីរតន៍ បានជម្រាបភាគីចិន អំពីវឌ្ឍភាពនៃកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យពាណិជ្ជកម្មដូចជាការនាំចេញ​កសិផលនិងការបង្កើត​នូវមជ្ឍមណ្ឌលពាណិជ្ជកម្ម នៅខេត្តក្វាងចូវ ហាយនីង ស៊ីអាន និងទីក្រុងហុងកុង ព្រមទាំងការរៀបចំវេទិកាជំរុញ ពាណិជ្ជកម្មទ្វេភាគី ជាដើម។

ជាការឆ្លើយតប លោកអភិបាលរងខេត្តសានស៊ី វួយ ចឹងជិន បានថ្លែងអំណរគុណចំពោះ លោករដ្ឋលេខាធិការ ដែលបានគូសបញ្ជាក់ពីការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍សូត្រអន្តរជាតិ និងការចែករំលែក នូវព័ត៌មានល្អៗ ទាក់ទិនវឌ្ឍនភាពចុងក្រោយនៃវិស័យសេដ្ឋកិច្ចនិងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដល់ប្រតិភូខេត្តសានស៊ី។

ទន្ទឹមគ្នានោះដែរ លោក វួយ ចឹងជិន ក៏បានលើកឡើងពីសាវតានៃព្រឹត្តិការណ៍ពិព័រណ៍សូត្រអន្តរជាតិ និងសក្តានុពលទេចរណ៍នៃខេត្តសានស៊ី ដែលបានទាក់ទាញភ្ញៀវ ទេសចរគ្រប់ជាតិសាសន៍ រហូតដល់ទៅ ៦,៣លាននាក់ កាលពីឆ្នាំ២០១៨ និងជាខេត្តដែលមានការរីក​ចម្រើនផ្នែកវិស័យកសិកម្ម សេដ្ឋកិច្ច និងអប់រំមួយ នៅក្នុងប្រទេសចិន៕

ដោយ: នឿត សម្ផស្ស

Facebook Comments

To Top