ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ដាក់ចេញវិធានការ ត្រៀមទប់ទល់ការដក EBA និងGSP (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល ទីក្រុងភ្នំពេញបណ្ដាក់គ្នា គ្រោងដាក់គំនាបផ្នែកសេដ្ឋកិច្ច លើប្រទេសកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដាក់ចេញវិធានការ ធ្វើកំណែទម្រង់ស្ថាប័នពាក់ព័ន្ធ នៅតាមច្រកព្រំដែនដែលជាកន្លែងនាំចេញនាំចូល ដ៏សំខាន់ដើម្បីសម្រួលការលំបាករបស់ពាណិជ្ជករធ្វើយ៉ាងណាធានាឲ្យ សេដ្ឋកិច្ចកម្ពុជារស់ដោយឯករាជ្យ មិនពឹងផ្អែកលើការអនុគ្រោះពន្ធពីអន្តរជាតិ។

សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជា ឲ្យដកស្ថាប័ននិងអង្គភាព ពាក់ព័ន្ធមួយចំនួនដែលរាំងស្ទះដល់ការនាំទំនិញ ចេញចូលតាមច្រកព្រំដែន ដោយរក្សាទុកតែមន្រ្តីនគរបាលអន្តោប្រវេសន៍ និង មន្រ្តីគយនៅគ្រប់ច្រកព្រំដែនទាំងអស់។
សម្ដេចនាយករដ្ឋមន្រ្តីដាក់ចេញវិធានការកែទម្រង់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបែបនេះក្រោយពីសហភាពអឺរ៉ុបគម្រាមដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធនោះ(EBA)និងស្របពេលដែលលោក Ted Cruz និងលោក Chris Coons បានដាក់ស្នើ សេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃទី៩ មករា ដែលមានឈ្មោះថា “ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩‍” ដើម្បីតម្រូវឲ្យរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិនិត្យមើលឡើងវិញ ឋានៈអនុគ្រោះពន្ធទូទៅ ដែលអាមេរិកបានផ្តល់ឲ្យកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថាកម្ពុជាមិនចាប់អារម្មណ៍ ចំពោះ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកពីររូបខាងលើ ដែលបានស្នើឲ្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិនិត្យប្រព័ន្ធអនុគ្រោះពន្ធទៅ (GSP) ដែលបានផ្ដល់ឲ្យកម្ពុជា តាំងពីឆ្នាំ១៩៩៧។

សូមរំលឹកថាកម្ពុជាទទួលបានពន្ធអនុគ្រោះ GSP ក្នុងឆ្នាំ១៩៩៧ ហើយបាននាំទំនិញ ក្រោមកម្មវិធីចូលអាមេរិក ចំនួន១៩៧លានដុល្លារ ត្រឹមឆ្នាំ២០១៦។ អាមេរិកបានសម្រេច ពន្យារពន្ធអនុគ្រោះ GSP ដល់កម្ពុជាកាលពីខែមេសា ឆ្នាំ២០១៨។
ក្នុងពិធី ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០ពាន់នាក់ ដែលមកពីស្ថាប័នផ្សេងៗ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា”មុនមកនេះខ្ញុំត្រូវដោះស្រាយបញ្ហាមួយចំនួនដែលទាក់ទងនឹងក្របខណ្ឌគោលនយោបាយទៅលើការគាំទ្រធុរកិច្ចនៅក្នុងប្រទេសយើងដែលខ្ញុំបានឲ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នបើកយុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជាមានចំណុចមួយចំនួនអាចនឹងជួយឲ្យវិស័យធុរកិច្ចរបស់យើងបើទោះបីជាគ្មានភាពអនុគ្រោះកម្ពុជានៅតែរស់។

ខ្ញុំបានសម្រេចអំបាញ់មិញនៅតាមមាត់ច្រកព្រំដែនក្នុងការនាំចេញនាំចូលអត់មានតម្រូវការឲ្យមានស្ថាប័នណាក្រៅតែពីអន្តោប្រវេសន៍និងគយទេ ឲ្យតែ២ហ្នឹងទេ ។ ក្រៅពីនោះដកចេញឲ្យអស់តាំងអាកាំកុងទាំងស្អីដកចេញឲ្យអស់”។
សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា”ស្ថាប័ននានាបង្កើតទៅជាឧបសគ្គនៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេបើទុកវានាំឲ្យខាតដដែលឲ្យវាចេញមកបើអត់ការងារធ្វើទេបុគ្គលិកចូលនិវត្តន៍មិនបាច់រើសថែមទៀតទេ។បញ្ហាមួយចំនួនត្រូវធ្វើត្រូវបញ្ចុះតម្លៃស្កេនទំនិញដើម្បីឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញ។អ្វីដែលយើងរកឃើញយើងដាក់កន្លងទៅអត់ទាន់ត្រូវទេយើងត្រូវកែលម្អ”។

ដើម្បីកែប្រែការអនុវត្តន៍គោលនយោបាយនានាកន្លងទៅដែលគ្មានប្រសិទ្ធភាព និងមិនត្រូវតាមស្ថានភាពជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជាកន្លងទៅបានដាក់ចេញបាវចនា២គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិបាលក្រម៥រួមមាន៖ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ៕

Facebook Comments

To Top