ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីស្នើឲ្យលុបបំបាត់ ព័ត៌មានក្លែងក្លាយ និងអ្នកសារព័ត៌មាន ជំរិតទារប្រាក់ (មានវីដេអូ)

ភ្នំពេញ៖ ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ជិត៥ពាន់នាក់មកពីចម្រុះស្ថាប័នសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យ ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងព័ត៌មាន ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ និងអ្នកសារព័ត៌មានដើរជំរិតទារប្រាក់ ខណៈអ្នកសារព័ត៌មានមិនមែន ជាមន្ដ្រីនគរបាលឡើយ។

ក្នុងពិធី ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយ អ្នកព័ត៌មាន ៤,៥០០ពាន់នាក់ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ត្រូវខិតខំលុបបំបាត់ក្រុមព័ត៌មាន ដែលជំរិតទារប្រាក់។ ហើយសូមផ្ដាំណាស់ព័ត៌មានទាំងអស់ អ្នកសារព័ត៌មានមិនមែននគរបាល យុត្តិធម៌ទេ អ្នកសារព័ត៌មានគ្មានសិទ្ធ ដើម្បីទៅនឹងដាក់ប៉ារ៉ាស់ ដើម្បីទៅនឹងចាប់ឡានគេ គឺអត់ទេ”។
សម្ដេចបន្ដថា អ្នកសារព័ត៌មានមិនមែនជា នគរបាលយុត្តិធម៌ឡើយ ប៉ុន្ដែនាពេលកន្លងមកក៏មានសារព័ត៌មានមួយចំនួនតូចបានបង្កបញ្ហាទាំងនេះផងដែរ។សម្ដេចថា មានមួយប្រភេទទៀត គឺអ្នកសារព័ត៌មានគេឲ្យលុយ កុំឲ្យផ្សាយព័ត៌មាន ដូច្នេះបញ្ហាទាំងនេះគឺខុសទៅច្បាប់។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីសង្ឃឹមថា “អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយខណៈព័ត៌មានក្លែងក្លាយនៅកម្ពុជាមានច្រើនណាស់”។

នាយករដ្ឋមន្ដ្រី ពន្យល់ថា ដើម្បីចូលរួមចំណែកក្នុងការបំផ្លាញចោល នូវព័ត៌មានក្លែងក្លាយអ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិតចេញមកហើយព័ត៌មានក្លែងក្លាយ គឺបាត់ដោយឯកឯង និងងាយស្រួលបំផុត។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ ស្ថាប័នព័ត៌មាននៅកម្ពុជា ឲ្យមានជាភាសាបរទេស ជាពិសេសភាសាអង់គ្លេស ។សម្ដេចថា បើអានព័ត៌មានជាភាសាបរទេសនៅតាមវិទ្យុ ឬ ទូរទស្សន៍ គឺដើរមិនទាន់គេឡើយ គឺត្រូវមានអនឡាញ ទើបទាន់ពេលវេលា។ក្នុងករណីនេះ សម្ដេចតេជោក៏បានស្នើឲ្យស្ថាប័នសារព័ត៌មាននានារៀបចំឲ្យមានទូរទស្សន៍អនឡាញ។

សម្ដេចបន្ដថា ប្រទេសមួយតែងតែមានសារព័ត៌មានលឿនមួយ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់គេទទួលបានព័ត៌មានគ្រប់វិនាទី។ដូច្នេះសម្ដេចថា សារព័ត៌មានកម្ពុជា ត្រូវមានការប្រណាំងប្រជែងគ្នា ដើម្បីឲ្យព័ត៌មានលឿន និងព័ត៌មានពិត ។
បញ្ហាទាំងនេះ សម្ដេចបញ្ជាក់ថា នៅកម្ពុជាក្រសួងព័ត៌មានគួរតែបង្កើតវគ្គបណ្ដុះបណ្ដាល ផ្នែកសរសេរសារព័ត៌មាន ដើម្បីបណ្ដោះបណ្ដាលធនធានមនុស្សនៅកម្ពុជានិងធ្វើឲ្យធនធានចេះសរសេរព័ត៌មានគ្រប់គ្រាន់ផងដែរហើយការងារបណ្ដុះបណ្ដាលនេះគឺជា អាទិភាពមុនគេ។

សម្ដេចតេជោចង់ធ្វើយ៉ាងណាឲ្យកម្ពុជានៅតែជាប្រទេសដែលមានសេរីភាពសារព័ត៌មាន ខណៈការសរសេរព័ត៌មានមួយ មិនអាចតម្រូវចិត្តមនុស្សទាំងគ្នាឡើយ។
ឆ្លើយតបទៅនឹងគម្រោងរបស់ក្រសួងព័ត៌មាន គ្រោងបង្កើត ប៉ុស្តិ៍ទូរទស្សន៍៣ឬ៤ថ្មីបន្ថែម នោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានបដិសេធមិនឲ្យបង្កើតនោះទេ។
សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “រួចទៅទារបង្កើតទូរទស្សន៍ ពីរឬបី អីណាទៀត អត់ទេ ខ្ញុំអត់លេងចូលទេអាហ្នឹង បង្កើតនាំតែអស់លុយ”៕

ដោយ ៖ អេង ប៊ូឆេង

 

Facebook Comments

To Top