ព័ត៌មានជាតិ

ជំនួបលើកទី៣ នាយករដ្ឋមន្រ្តីសំណូមពរ ៨ចំណុចដល់ស្ថាប័ន សារព័ត៌មាន ទាំងអស់

ភ្នំពេញ៖ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ជាលើកទី៣សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសំណូមពរចំនួន៨ចំណុចសំខាន់ៗ ទៅដល់ស្ថាប័នសារព័ត៌មានទាំងអស់។

ក្នុងពិធី ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយ អ្នកព័ត៌មាន ៤,៥០០ពាន់នាក់ ដែលមកពីស្ថាប័នផ្សេងៗ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន លើកឡើងនូវសំណូមពរចំនួន៨ចំណុចក្នុងនោះរួមមាន ៖
១-ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។សូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញគឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍អោយមានប្រសិទ្ឋភាព។
៣-ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
៤-សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេសពីព្រោះកន្លងមកមានបរទេសគេវិភាគនិងផ្សាយពីកម្ពុជាដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។
៥)សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោបានសំណូមពរ ដល់អ្នកប្រប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) សូមកុំឲ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។សូមរក្សាតំលៃរបស់ខ្លួនពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
៦-ត្រូវចូលរួមលុបបំបាត់អ្នកសារពទ័មានជម្រិតទារប្រាក់គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។
៧-កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។

៨-ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាននិងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាប័នជំនាញ សកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើមដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រនិងជំរុញអោយមានការរៀបចំយុទ្ឋនាការប្រកួតប្រជែង អំពី “ការផលិតព័ត៌មានពិត ហើយលឿន បើអាចធ្វើច្រើនភាសា គឺរិតតែល្អ”។ សម្តេចតេជោ ក៏បានគាំទ្រ និងជំរុញអោយមានប្រព័ន្ឋផ្សេព្វផ្សាយអនឡាញ (online)អោយបានច្រើនព្រោះសព្វថ្ងៃនេះអ្នកតាមដានព័ត៌មានមិនសូវរង់ចាំមើលតាមទូរទស្សន៍ទេ៕ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top