ព័ត៌មានជាតិ

ចិនគ្រោងវិនិយោគ​ សាងសង់ផ្លូវដែក លើអាកាសនៅកម្ពុជា

ភ្នំពេញ៖ ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា នាពេលអនាគតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម ។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាង លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩  លោក LUO LINQUAN សមាជិកគណៈកម្មាធិការ CPC នៃតំបន់ជីវឡុងប៉ បាន​ជម្រាបជូន លោក ឈួន ដារ៉ា អំពីសក្តានុពលខេត្តឆុងឈីង និងការសាងសង់ផ្លូវដែកលើអាកាស ដោយក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមានឯកទេសខាងវិស្វកម្ម ព្រមទាំងគម្រោងបង្កើត មជ្ឍមណ្ឌលពាណិជ្ជកម្ម កម្ពុជា នៅតំបន់ជីវឡុងប៉ នៃខេត្តឆុងឈីង។

ជាការឆ្លើយតបលោក ឈួន ដារ៉ា បានសម្តែងការស្វាមគមន៍ ចំពោះប្រតិភូខេត្តឆុងឈីង ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យផ្លូវដែកលើអាកាសក៏ដូចជាវិស័យ​ សក្តានុពលសំខាន់ៗមួយចំនួនទៀត។

លោក ក៏បានជម្រាបជូនភាគីចិន អំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។

ពាក់ព័ន្ធគម្រោងបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ លោក ឈួន ដារ៉ា បានលើកឡើងពីភាពជោគជ័យ ក្នុងការបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន ក្វាងចូវ និងហាយនីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសន្យាជួយសម្របសម្រួលប្រតិភូខេត្តឆុងឈីង បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានទទួលលិខិត ស្នើសុំជាផ្លូវការ ពីរដ្ឋបាលខេត្តឆុងឈីង និងមន្ទីរពាណិជ្ជកម្មរបស់ចិន៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top