ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីចាប់ថៅកែកាស៊ីណូ នៅប៉ោយប៉ែត ជម្រិតទារប្រាក់១លានដុល្លា

បន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានកម្លាំង អាវុធហត្ថ​ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលា​ការនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីពួកគេបានធ្វើសកម្មភាព ប្រើហិង្សានិងចាប់ខ្លួនថៅកែកាស៊ីណូម្នាក់ក្នុងក្នុងបុរីសានហូ ញាត់ចូលក្នុងឡានដើម្បីយកទៅបង្ខាំងទុកក្នុងគោលបំណងជម្រិតទាប្រាក់ចំនួន១លានដុល្លារ តែសំណាងល្អត្រូវបានគេជួយរំដោះបានទាន់ពេលវេលា។

មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ បានឲ្យដឹងថា ករណីចាប់ជម្រិតនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ០០នាទី នៅចំណុចកាស៊ីណូបូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បានចុះប្រតិបត្តិការបង្រ្កាបករណី  ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជំរិតទារប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩  និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។

លោកបានបន្តថា យោងពាក្យបណ្តឹងរបស់ ១-ឈ្មោះ Zhao Xiang ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ២-ឈ្មោះ Feng Yum Peng ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ Hoi Kue ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន   អ្នកទាំងបីរស់នៅបណ្តោះអាសន្ននៅកស៊ីណូបូរីសានស៊ានហូ ភូមិសាមគី្គមានជ័យ  សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត  និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ Li Ming ភេទ ប្រុស អាយុ 2៨ឆ្នាំ ជនជាតិចិន  ២-ឈ្មោះ Peng ShuzHou  ភេទ ប្រុស  អាយុ ៣០ឆ្នាំ  ជនសង្ស័យទាំង ០២នាក់ខាងលើ រស់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤  សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត  ។  បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាព  ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ តាមការបំភ្លឺរបស់ជនរងគ្រោះ  បានបញ្ជាក់ឲ្យដឹងថា ៖  ជនសង្ស័យទាំង ០២នាក់ខាងលើ  បានចូលមកដល់ក្នុងកាស៊ីណូ  ហើយវាយទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យឈ្មោះ Hoi kue រងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងជនរងគ្រោះ ០២នាក់ទៀត រងរបួសស្រាល  និងបានចាប់ថៅកែក្រៀកចូលឡាន ហើយគម្រាមថា ឲ្យយកប្រាក់ចំនួន ១.០០០.០០០ដុល្លា មកលោះថៅកែទៅវិញ បើមិនយកប្រាក់មក​លោះ​​ ទេគេនឹងសម្លាប់ថៅកែចោល ពេលនោះជនរងគ្រោះ ០២នាក់ដែលរងរបួសស្រាល បានបើករថយន្តដេញតាមរថយន្តជនសង្ស័យ ដើម្បីរំដោះថៅកែខ្លួនវិញ ពេលឃើញក្រុមខ្លួនដេញតាមជួយថៅកែបានលោតចេញពីរថយន្តរបស់ក្រុមជនសង្ស័យ ហើយឡើងរថយន្តរបស់ក្រុមជនរងគ្រោះដែលដេញតាមជួយ ជិះត្រឡប់មកកាស៊ីណូវិញ ចំណែកក្រុមជនសង្ស័យបានជិះរថយន្តគេចខ្លួនតាមផ្លូវជាតិលេខ៥ មិនដឹងទៅដល់ទីណានោះទេ ។

 

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ៖ ពួកគេពិតជាបានប្រើហឹង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ដោយធ្វើទៅតាមការបញ្ជារបស់ថៅកែគេឈ្មោះ អាចេ ជាអ្នករៀបចំគម្រោង និងជាអ្នកបញ្ជា ។ ចំណែកថៅកែឈ្មោះ អាចេ ជាជនជាតិចិន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បី​យកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានចូលរួមក្នុងបទល្មើស  ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជមរិតទារប្រាក់ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ  ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដោយ៖​ ប៊ុន វាសនា

Facebook Comments

To Top