នយោបាយ

កម្ពុជា-វៀតណាម មិនអនុញ្ញាត ឲ្យបុគ្គលណា មួយប្រើប្រាស់ ទឹកដីខ្លួន បង្កអន្តរាយឡើយ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានឯកភាពគ្នា មិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្ករាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ។

តាមសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោយចប់កិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេច ស ខេង និងលោក ផាម ប៊ិញមីញ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ ភាគីទាំងពីរ ឯកភាពគ្នាជំរុញការកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែន។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា “ភាគីទាំងពីរបានវាយតំលៃខ្ពស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិក្នុងការថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ របស់ប្រទេសនីមួយៗ និងគូសបញ្ជាក់សារជាថ្មីថា មិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្ករាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ” ។

ជាងនេះ ទៅទៀត កម្ពុជា-វៀតណាម ក៏បានយល់ព្រមដំឡើងកម្រិតច្រកទ្វាព្រំដែន ម៉ឺនជ័យ នៅខេត្តព្រៃវែង , តឹនណាមនៅខេត្តតៃនិញ​ឲ្យទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឲ្យបានឆាប់នូវកិច្ចការត្រៀមរៀបចំនានា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នៅពេលវេលាសមស្របណាមួយ ក៏ដូចជាការបញ្ចប់បែបបទ ដំឡើងកម្រិតច្រកទ្វារ តំបន់ព្រំដែន , បុសមន នៅខេត្តស្វាយរៀង , ភឿកតឺន នៅខេត្តតៃនិញឲ្យទៅជាច្រកទ្វារព្រំដែនទ្វេភាគី។ ដូច្នេះ កម្ពុជា-វៀតណាម ឯកភាពដាក់ចេញទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យកសិកម្ម ។ ចំពោះវិស័យសុខាភិបាល កម្ពុជា-វៀតណាម បានវាយតំលៃខ្ពស់លើលទ្ធផល​កិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ កម្ពុជា-វៀតណាម ក៏វាយតំលៃខ្ពស់លើលទ្ធផល​កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនា ។

បន្ថែមពីនេះទៀត កម្ពុជា-វៀតណាម បានប្តេជ្ញារក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការបណ្តាខេត្តព្រំដែន ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈជាភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង ។

សូមរំលឹកថា ក្រោយចប់កិច្ចប្រជុំលើកទី១០ កម្ពុជា-វៀតណាម បានឯកភាពរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តា ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២០ ខាងមុខនេះដែរ ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top