នយោបាយ

វៀតណាមជាអ្នកដែលបាន ផ្ដួលរំលំរបបខ្មែរក្រហម ប៉ុន្តែជ័យជម្នះបានមកចិន!

នៅព្រឹកថ្ងៃទី៧ មករា ១៩៧៩ កងទ័ពវៀតណាមបាន វាយសម្រុកចូលមករដ្ឋធានីភ្នំពេញ ដែលការវាយចូលនេះ មានការប្រទូសរ៉ាយ បាញ់ប្រហារគ្នាទៅវិញទៅមក យ៉ាងខ្លាំងដើម្បីផ្ដួលរំលំរបបខ្មែរក្រហមមួយ ដ៏សាហាវឃោរឃៅបំផុត! ។ ហើយពិតមែនតែសកម្មភាព យោធានេះបានធ្វើឲ្យមានការ ខកចិត្តចំពោះប្រទេសចិន ក៏ដោយព្រោះវៀតណាម បានវាយយកឈ្នះមកលើកម្លាំងខ្មែរក្រហម ក៏ប៉ុន្តែដំណើរជោគជ័យ ដ៏វែងឆ្ងាយយ៉ាងពិតប្រាកដនោះ គឺចិនទេដែលជាអ្នកយក ជ័យជម្នះទៅវិញ! ។ នេះបើយោងទៅតាម ការវិភាគរបស់លោក Nayan Chanda ដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ Baotiengdan នៅថ្ងៃទី១ ធ្នូ ២០១៨ ក្រោមចំណងជើងថា ៤០ឆ្នាំ ថ្ងៃដែលវៀតណាមបាន ផ្ដួលរំលំរបបខ្មែរក្រហម ប៉ុន្តែវាច្បាស់ណាស់ថា ប្រទេសចិនវិញទេដែល ជាអ្នកឈ្នះទៅវិញ!។

ថ្ងៃ៧ មករា ១៩៧៩ មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានរត់ភៀសខ្លួនចេញពី ទីក្រុងភ្នំពេញទៅលើដងមហាវិថី ដែលអត់មានមនុស្ស និងទំនេរអស់រយៈកាល ៤ឆ្នាំ ចាប់តាំងពីពួកខ្មែរក្រហមបានវាយ យកឈ្នះមកលើរដ្ឋាភិបាលលន់ នល់ ។ មានមន្រ្តី ពលទាហាន និងក្រុមគ្រួសារខ្មែរក្រហមជាច្រើន បានគេចខ្លួនដោយធ្វើដំណើរ តាមរថភ្លើងទៅកាន់ខេត្តបាត់ដំបង ដែលពេលនោះអៀង សារី ដែលជាប្អូនថ្លៃរបស់ប៉ុល ពត ក៏បានធ្វើដំណើររួមជាមួយហ្វូង ខ្មែរក្រហមតាមរថភ្លើងទៅកាន់ ខេត្តបាត់ដំបងផងដែរ។ នៅតាមដងផ្លូវគេឃើញ សាកសពជាច្រើន ផ្ទះ អាគារត្រូវបានឆេះដែលគ្មាន នរណារវល់ទៅនឹង ហេតុការណ៍ទាំងនេះឡើយ!។

រសជាតិដ៏សោះកក្រោះ របស់រដ្ឋធានីភ្នំពេញមួយដែល គ្មានសណ្ដាប់ធ្នាប់ស្ថិត ក្រោមការត្រួតត្រា កាន់កាប់របស់វៀតណាម តាំងពីពេលនោះមក! ១៩៧៩ មានសភាពមិនខុស ពីទីក្រុងព្រៃនគរដែលរង្គោះរង្គើ ពេលដែលកងទ័ពហាណូយ ចូលមកកាន់កាប់កាលពី ៤ឆ្នាំនោះ! ។ ហេតុការណ៍នេះក៏ជា ឧបទ្ទវហេតុមួយដែលគួរឲ្យអស់សំណើច គឺគ្រាន់តែក្នុងរយៈពេល ២ទៅ៣សប្ដាហ៍ បន្ទាប់ពីពួកខ្មែរក្រហម វាយយកបានភ្នំពេញមក ព្រៃនគរក៏បានធ្លាក់ទៅក្នុង កណ្ដាប់ដៃរបស់កងទ័ព ហាណូយផងដែរ!។

នៅថ្ងៃទី៣០ មេសា ១៩៧៥ យើងបានឃើញដោយផ្ទាល់ ជាថ្ងៃដែលកងទ័ពហាណូយ វាយសម្រុកចូលកាន់កាប់ ទីក្រុងព្រៃនគរ ហើយរថក្រោះរបស់វៀតណាមខាងជើង បាននិងកំពុងរារាំងច្រកទ្វារនៃ វិមានប្រធានាធិបតី របស់វៀតណាមខាងត្បូង ព្រមទាំងពួកនេះបានឡើង ហូតទង់កុម្មុយនីស្តនៅលើ ដំបូលវិមានឯករាជ្យរបស់ ពួកព្រៃនគរទៀតផង!។

កងទ័ពវៀតណាមបាន ទទួលបរាជ័យលើកទី១ កាលពី ៥ថ្ងៃមុន ៧មករា នៅពេលដែលទ័ពពិសេសមួយក្រុម របស់ពួកវៀតណាមខាងជើង ដែលមានភារកិច្ចមកជម្លៀសសម្ដេច សីហនុ ដែលត្រូវពួកខ្មែរក្រហមឃុំព្រះកាយព្រះអង្គ នៅក្នុងព្រះបរមរាជវាំងតាំងពីបណ្ដា ឆ្នាំ១៩៧៦មកម្ល៉េះ!។

ដោយដឹងផែនការនេះពួកខ្មែរក្រហម បានយកព្រះអង្គទៅលាក់ នៅកន្លែងស្ងាត់មួយក្នុងវាំង បន្ទាប់មកពេលដែលសភាពការណ៍ ស្ងប់ស្ងាត់បន្តិចពួកខ្មែរក្រហម បានបញ្ជូនព្រះអង្គចូលរថយន្ត រួចធ្វើដំណើរឆ្ពោះទៅកាន់ ខេត្តបាត់ដំបងតែម្ដងទៅ ។

លោក Nguyen CoThach ( ង្វៀន កឺថាច់) រដ្ឋមន្រ្តីការបរទេសវៀតណាមខាងជើង ធ្លាប់បាននិយាយប្រាប់ខ្ញុំ (Nayan Chanda) ថា វៀតណាមមានផែនការវាយ រំដោះភ្នំពេញបន្ទាប់មកលើបន្តុបសម្ដេច សីហនុ ធ្វើជាមេដឹកនាំនៃរណសិរ្សរំដោះកម្ពុជា។ ស្របពេលនោះចិនបាន បង្ខំម្ដងហើយម្ដងទៀត ឲ្យពួកខ្មែរក្រហមដោះលែងសម្ដេច សីហនុ ហើយរួមគ្នាបង្កើតរដ្ឋាភិបាលជាតិមួយ! ក៏ប៉ុន្តែពួកខ្មែរក្រហមពុំបានយក ចិត្តទុកដាក់ចំពោះហេតុផលនេះឡើយ! ។

ឥឡូវនេះចិនមានឱកាសក្នុងដៃ ដោយចិនមានសម្ដេចសីហនុ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ នៅតែរឹងមាំដដែលទោះបីជា ពួកខ្មែរក្រហមបានដកខ្លួនចេញ ពីរដ្ឋធានីភ្នំពេញក៏ដោយ។ ចិនមានភារកិច្ចនាំសម្ដេច សីហនុ ចេញពីភ្នំពេញ និរទេសចេញទៅខាងក្រៅ ប្រទេសរួចនាំសម្ដេច សីហនុ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីឲ្យព្រះអង្គធ្វើជាតំណាង ឲ្យរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ។

នៅរសៀល ថ្ងៃទី៥ មករា ១៩៧៩ សម្ដេច សីហនុ បានយាងវិលត្រឡប់មកភ្នំពេញវិញ ពីខេត្តបាត់ដំបងហើយ នេះក៏ជាលើកដំបូងដែលព្រះអង្គ បានជួបប៉ុល ពត ដោយផ្ទាល់។ ក្នុងជំនួបនេះប៉ុល ពត បាននិយាយជាមួយព្រះអង្គថា ចាប់ពីពេលនេះទៅព្រះអង្គ អាចធ្វើដំណើរទៅកាន់ប្រទេសចិន បានគ្រប់ពេលវេលា! ដែលការនិយាយនេះបាន ធ្វើឲ្យព្រះអង្គមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង!។

នៅរសៀលថ្ងៃទី៦ មករា ១៩៧៩ ពេលដែលកងទ័ពរំដោះវៀតណាម កាន់តែរឹតបន្តឹងខិតជិតមកភ្នំពេញ ពេលនោះក៏មានរថយន្តមួយគ្រឿង បាននាំយកសម្ដេច សីហនុ មកកាន់វាលយន្តហោះដើម្បី រង់ចាំហោះហើរទៅកាន់ប្រទេសចិន ក្នុងដំណើរជម្លៀសព្រះកាយ ចេញពីភ្នំពេញតាមជើងយន្តហោះ Boeing 707 ដែលពេលនោះស្នូរកាំភ្លើងធំ កាន់តែលឺសូរខ្លាំងនៅជិត វាលយន្តហោះពោធិ៍ចិនតុង! ។

ភ្នំពេញបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់កងទ័ពវៀតណាម ដែលការប្រយុទ្ធដើម្បី កាន់កាប់ភ្នំពេញមិនបាន ២សប្ដាហ៍ផងរបស់វៀតណាម ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះយុទ្ធនាការយោធានេះ ដោយវៀតណាមបានរៀបចំយ៉ាងល្អ ក្នុងការវាយចូលកាន់កាប់ភ្នំពេញនេះ!។

នៅថ្ងៃទី៣១ ធ្នូ ១៩៧៧ ប៉ុល ពត បានផ្ដាច់ទំនាក់ទំនងការទូត ជាមួយវៀតណាមហើយការផ្ដាច់ ទំនាក់ទំនងរបស់ ប៉ុល ពត ជាមួយវៀតណាមនេះ ត្រូវបានវៀតណាមលាក់ការណ៍ ទុកជាសម្ងាត់! រហូតដល់ខែមករា ១៩៧៨ ទើបការិយាល័យនយោបាយ របស់វៀតណាមបានសម្រេចចិត្ត រៀបចំយុទ្ធនាការយោធា ដើម្បីផ្ដួលរំលំ ប៉ុល ពត ។

៤០ឆ្នាំ(១៩៧៩-២០១៩) នៃថ្ងៃ៧ មករា បានកន្លងផុតទៅ និងជាថ្ងៃដែលវៀតណាម បាននាំទ័ពចូលមកកម្ពុជា ដើម្បីផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ ដឹកនាំដោយក្រុមឃាតក ប៉ុល ពត ។ មើលទៅវៀតណាម ជាអ្នកដែលបានរំដោះកម្ពុជា តែជ័យជម្នះបានមកប្រទេសចិនវិញ ដោយកត្ដាសត្យានុម័តនៃដំណើរវិវត្តន៍ និងកត្តារីកចម្រើនរបស់ យុគ្គសម័យរបស់ពិភពលោក! ៕

Facebook Comments

To Top