ព័ត៌មានជាតិ

រូបសំណាក់ នាងគង្ហីង ក្បែរស្ពានថ្មើរជើង Olympia City នឹងត្រូវរំកិលចេញពី ទីតាំងចាស់

ភ្នំពេញ៖ ដោយមើលឃើញពី ការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរលើផ្លូវទេពផន ឡើងទៅមហាវិថីព្រះមុន្នីរ៉េត (ពីផ្លូវទេពផន បត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចថា នឹងរំកិលប្តូរទីតាំង រូបសំណាក់នាងគង្ហីងទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវបន្ថែម ជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញពិនិត្យទីតាំង និងសិក្សាពីលទ្ធភាពលើការងាររំកិល រូបសំណាក់នាងគង្ហីង ស្តុបនាងគង្ហីងនៅក្បែរស្ពានឆ្លងថ្មើជើង Olympia City នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ដើម្បីកែលម្អប្រព័ន្ធចរាចរឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ជៀសការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរនឹងត្រូវរំកិលចេញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ពាក់ព័ន្ធករណីនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹករក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់ នាងគង្ហីងនឹងមានការលើកកម្ពស់ពី ៥.៥ម៉ែត្រឡើងដល់ ៧.៥ម៉ែត្រ ។

បន្ទាប់ពីចុះពិនិត្យទីតាំងថ្មី ដែលត្រូវរំកិលរូបសំណាក់នាងគង្ហីង ហើយនោះ លោក ឃួង ស្រេង បានពិនិត្យលើស្ពានឆ្លងថ្មើជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យប្រព័ន្ធចរាចរណ៍ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ ។

បន្ថែមពីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀតឲ្យ មានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត ៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top