នយោបាយ

នាយករដ្ឋមន្រ្តីថា ការរីកចម្រើនរបស់ជាតិ មិនអាចកាត់ផ្តាច់ពីការចូលរួម របស់អ្នកសារព័ត៌មាន

ភ្នំពេញ៖មួយថ្ងៃមុនអញ្ជើញជួបជាផ្លូវការ ជាមួយអ្នកសារព័ត៌មានជាតិសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការកោតសរសើរ ដល់វិស័យសារព័ត៌មាន ដែលបានកំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ថាការរីកចម្រើន របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការ ចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅល្ងាចថ្ងៃសុក្រទី ១១ មករា ឆ្នាំ២០១៩ នេះ សម្ដេច នឹងជួបជាមួយអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីបាយសាមគ្គី នៅមជ្ឈមណ្ឌលកោះពេជ្យ។

សម្ដេចបានថ្លែងថា “ពិតប្រាកដណាស់ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួម របស់បងប្អូននិងក្មួយៗ អ្នកសារព័ត៌មានបានឡើយ”។ សម្ដេចមានប្រសាសន៍បន្តថា កម្ពុជាបានបាត់បង់ឱកាស កសាងប្រទេសជាច្រើនឆ្នាំមកហើយ ដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ គឺកម្ពុជាត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើន មកវិនិយោគនៅកម្ពុជា។

សម្ដេចបន្តទៀតថា “ដូច្នេះការចូលរួម ផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្ត ដល់ទេសចរបរទេស និងវិនិយោគិនបរទេស”។ សម្ដេចក៏បានអរគុណ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញ សង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយ អំពីកម្ពុជា ទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិ កាន់តែរីកចម្រើនលឿនទៅមុខទៀត។

ក្នុងឱកាសចូលឆ្នាំសកល ២០១៩សម្ដេច និងភរិយា ក៏បានជូនពរដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេស ទទួលបានជោគជ័យ ក្នុងភាកិច្ចការងារ និងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។

សូមរំលឹកថា ជំនួបជាប្រវត្តិសាស្ត្រលើកដំបូង មិនធ្លាប់មានរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ខណៈជំនួបលើកទី២ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ៕ ដោយ៖ធី លីថូ

Facebook Comments

To Top