នយោបាយ

កម្ពុជាមិនចាប់អារម្មណ៍ ព្រឹទ្ធសភាអាមេរិក ស្នើលោក ត្រាំ ពិនិត្យប្រព័ន្ធអនុគ្រោះពន្ធ GSP ផ្ដល់ឲ្យកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា កម្ពុជាមិនចាប់អារម្មណ៍ ចំពោះ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកពីររូប ដែលបានស្នើឲ្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិនិត្យប្រព័ន្ធអនុគ្រោះពន្ធទៅ (GSP) ដែលបានផ្ដល់ឲ្យកម្ពុជា តាំងពីឆ្នាំ១៩៩៧។

មន្ដ្រីរាជរដ្ឋាភិបាល លើកឡើងបែបនេះ បន្ទាប់ពី វិទ្យុ VOA បានចេញផ្សាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា សមាជិកព្រឹទ្ធសភាអាមេរិកពីររូប គឺលោក Ted Cruz និងលោក Chris Coons បានដាក់ស្នើ សេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃទី៩ មករា ដែលមានឈ្មោះថា “ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩‍” ដើម្បីតម្រូវឲ្យរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិនិត្យមើលឡើងវិញ ឋានៈអនុគ្រោះពន្ធទូទៅ ដែលអាមេរិកបានផ្តល់ឲ្យកម្ពុជា។

កម្ពុជាទទួលបានពន្ធអនុគ្រោះ GSP ក្នុងឆ្នាំ១៩៩៧ ហើយបាននាំទំនិញ ក្រោមកម្មវិធីចូលអាមេរិក ចំនួន១៩៧លានដុល្លារ ត្រឹមឆ្នាំ២០១៦។ អាមេរិកបានសម្រេច ពន្យារពន្ធអនុគ្រោះ GSP ដល់កម្ពុជាកាលពីខែមេសា ឆ្នាំ២០១៨។

តបទៅករណីនេះ លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១០ មករា ថា “ជាការយល់ឃើញ របស់សមាជិកព្រឹទ្ធសភាអាមេរិកនេះឯង អ្វីទៅយើងឃើញថា គោលនយោបាយរបស់វ៉ាស៊ីនតោន គឺសភាដាច់ដោយឡែកពីប្រធានាធិបតី។ អាហ្នឹងប្រធានាធិបតី មានអំណាចនីតិប្រតិបត្តិមួយ ដែលលោកមានអំណាច មិនអនុវត្តអ្វីទៅជាការស្នើសុំ របស់សមាជិកព្រឹទ្ធសភា”។

លោកយល់ឃើញថា ទាំងនេះគឺជាសិទ្ធិរបស់ សមាជិកព្រឹទ្ធសភាអាមេរិក ក៏ប៉ុន្ដែលោកបញ្ជាក់ថា អ្វីដែលសមាជិកព្រឹទ្ធសភាពអាមេរិក ស្នើសុំទៅ លោក ដូណាល់ ត្រាំ មិនមានអ្វីអស្ចារ្យនោះទេ ពីព្រោះគោលការណ៍ របស់វ៉ាស៊ីនតោន ជាអំណាចនីតិប្រតិបត្តិ ដែលតែងតែចូលរួមប្រទេសនានា ដើម្បីធ្វើការងារជាមួយគ្នា។

ជាងនេះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងទៀតថា សមាជិកព្រឹទ្ធសភាអាមេរិកពីររូបហ្នឹង គ្រាន់តែបញ្ចេញសាច់ដុំតែប៉ុណ្ណោះ ប៉ុន្ដែសាច់ដុំនេះ គ្មានន័យសម្រាប់កម្ពុជាឡើយ។

លោក ផៃ ស៊ីផាន និយាយបន្តថា “តើកម្ពុជាមានការភ័យព្រួយទេ? កម្ពុជានៅមានជំហរមួយ គឺអាមេរិកនៅតែមិត្ត និងសហប្រតិបត្តិការជាមួយគ្នា ។ ជាមួយគ្នានេះដែរ កម្ពុជានៅតែពង្រឹងកិត្យានុភាព ខាងវិស័យពាណិជ្ជកម្មរបស់ខ្លួន ទៅតាមរយៈប្រទេស ប្រជាធិបតេយ្យរបស់ខ្លួន នឹងដោះស្រាយជាបន្ដបន្ទាប់ទៀត”។

ពាក់ព័ន្ធករណី ព្រមានដកពន្ធពីកម្ពុជានេះ សហភាពអឺរ៉ុប (EU) កាលពាក់កណ្ដាលឆ្នាំ២០១៨ បានប្រកាសថា នឹងបន្តនីតិវិធីរបស់ខ្លួន ដើម្បីធ្វើការដកប្រព័ន្ធ អនុគ្រោះពន្ធលើទំនិញ គ្រប់មុខរបស់កម្ពុជា លើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា (EBA) ក្រោយ EU បានដាក់សំណើរមួយចំនួន មកកាន់រាជរដ្ឋាភិបាល ឲ្យកែប្រែស្ថានភាពនយោបាយនៅកម្ពុជា។ ក្នុងនោះ សហភាពអឺរ៉ុប បានទុករយៈពេល១២ខែ ឲ្យកម្ពុជា ក្នុងការតាមដាននីតិវិធី ដកការអនុគ្រោះពន្ធពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប។

ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើង កាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធកាលពីឆ្នាំ២០១២ ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top