ព័ត៌មានជាតិ

គម្រោងពិត មិនមែនសុបន្តិ! Empire World បោះទុន រាប់ពាន់លានដុល្លារ បង្កើតទីក្រុងថ្មី ដ៏សម្បូរបែប នៅបាវិត នឹងសម្ពោធ នាថ្ងៃ១០ មករានេះហើយ 

ភ្នំពេញ៖ ក្រោយពីបានសិក្សា ពីភូមិសាស្ត្រច្បាស់លាស់ និងស្របទៅតាម យុទ្ធសាស្ត្រនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយ (One Belt One Road) របស់កម្ពុជា-ចិន បានធ្វើឲ្យក្រុមហ៊ុនដ៏ធំ Empire World ធ្វើការសម្រេច វិនិយោគថវិកា ដល់ខ្ទង់ពាន់ៗលានដុល្លារ ដើម្បីបង្កើត Empire World City នៅកម្ពុជា នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១០ មករា​ស្អែក​នេះហើយ ដែលមានទីតាំងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានចម្ងាយ ជាង១០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម ។

លើកឡើង ពីទស្សនវិស័យ ដែលជំរុញ ឲ្យក្រុមហ៊ុន​ Empire Wolrd ដាក់ទុនដល់ខ្ទង់ពាន់ៗលានដុល្លារ វិនិយោគលើវិស័យនេះ នៅកម្ពុជា ក៏ព្រោះកម្ពុជា ជាប្រទេសកំពុងមានការអភិវឌ្ឍន៍ និងស្របតាមភូមិសាស្ត្រនយោបាយ រវាងកម្ពុជា-ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ។ នេះបើតាមការលើកឡើង របស់លោក Eric Loo នាយកប្រតិបត្តិក្រុមហ៊ុន Empire Wolrd ។

លោក Eric Loo នាយកប្រតិបត្តិ នៃ Empire Wolrd បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​ ដឹងថា Empire Wolrd City ដែលនឹងត្រូវបង្កើតឡើង ជាដំណាក់កាលៗ ហើយដំណាក់កាលដំបូង នៃទីក្រុងថ្មីមួយនេះ នឹងត្រូវកសាងហេរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្កើតឲ្យចេញរូបរាងនៅ OBC (Online Business Concept) ដែលគម្រោងថ្មីមួយនេះ នឹងផុសឡើងលើផ្ទៃដី ជាង៨០០ ហិតា មានអាគារស្នាក់នៅ បែបទំនើប អ្វីដែលជាចំណុចពិសេស នៃ OBC គឺជាតំបន់ប្រមូលផ្តុំដោយ ការកម្សាន្ត Online ជាពិសេស គឺអាគារស្នាក់នៅ សម្រាប់អ្នកនិយមលេង Game Online ក្នុងតំបន់អាស៊ីយើងនេះតែម្តង និងអាគារស្នាក់នៅ ដែលអាចធ្វើការ Online បាន ហើយក៏នៅមាន សួនឧទ្យានចម្រុះ ផងដែរ។

ក្រោមការបង្ហាញ ពីគម្រោងថ្មីមួយនេះ តាមរយៈនាយកប្រតិបត្តិខាងលើ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ពីទំហំទឹកប្រាក់សរុប ដោយលោកគ្រាន់តែបង្ហើបថា គម្រោងមួយនេះ នឹងត្រូវចំណាយថវិកា ខ្ទង់រាប់ពាន់លានដុល្លារ ហើយលោកបន្តថា គម្រោងនេះ ជោគជ័យទៅបាន មិនអាស្រ័យតែការវិនិយោគ របស់ក្រុមហ៊ុនលោកតែមួយនោះទេ ដោយលោក កំពុងទាញយក ការវិនិយោគ ពីក្រុមហ៊ុនដទៃទៀត ។

ក្នុងចក្ខុវិស័យវែងឆ្ងាយ លោក Eric Loo យល់ឃើញថា ដើម្បីដើរទៅមុខឲ្យបានយូរអង្វែង លោកនឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាផ្តល់ភាព ជឿជាក់ទៅកាន់ បណ្តាក្រុមហ៊ុនដទៃ ដែលមានបំណង ចង់នាំយកនូវ ផលិតផលរបស់ខ្លួន ទៅបញ្ចូលទៅក្នុងទីក្រុងថ្មីនេះ ដើម្បីបំពេញបន្ថែម នូវតម្រូវការចាំបាច់ ក្នុងការផ្តល់សេវា ដល់អ្នកដែលទៅកម្សាន្តនៅទីនោះ ។ លោកបានសង្គត់ធ្ងន់ថា ការបង្កើត OBC គឺមិនផ្តោត ទៅលើតែប្រជាជនកម្ពុជា ប៉ុណ្ណោះនោះទេ OBC ជាតំបន់ ដែលអាចទាក់ទាញយក នូវភ្ញៀវទេសចរ ទូទាំងតំបន់អាស៊ី ដែលនឹងមកកម្សាន្ត ក៏ដូចជាស្នាក់នៅទីនេះ ជាពិសេស សម្រាប់ Gamers តែម្តង ។

ក្រោយបញ្ចប់គម្រោង កន្លែងស្នាក់នៅនិងកម្សាន្ត OBC ទីក្រុងEmpire Wolrd ថ្មីនេះ និងបន្ថែមទៅលើ កាស៊ីណូ ធំៗ ដែលគម្រោងថ្មីនេះ នឹងចាប់ផ្តើមបុកគ្រឹះ​ សាងសងជាដំណាក់ កាល​នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ខាងមុខនេះហើយ៕

Facebook Comments

To Top