នយោបាយ

សិក្សា៦ ចំណុច​នេះ​សិន ​មុន​សម្រេចចិត្ត​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ

ភ្នំពេញ៖ ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ ​មានការ​រីកចំរើន​យ៉ាងខ្លាំង​ នៅ​កម្ពុជា ជាក់ស្តែង​វត្តមាន​អាគារខ្ពស់ៗជាច្រើន បាន​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ ពិសេស​តំលៃ​ដីធ្លី​ក៏បាន​កើនឡើង​យ៉ាងគំហុក​ផងដែរ ដែល​តំបន់​ខ្លះ​កើនឡើង​ទ្វេ​រដង និង​តំបន់​ខ្លះទៀត​កើនឡើង​មួយ​គុណ​នឹង​បី​ឬ​បួន​ដង​ក៏មាន។

តើ​អ្នក​មានបំណង​វិនិយោគ​លើដី​ធ្លី​ដែរឬទេ? មាន​ប្រាក់​ច្រើន​កម្រិតណា? គេហទំព័រ​Propertyarea.asia សូម​នាំយក​ចំណេះដឹង​ពី​អ្នកជំនាញ ដើម្បី​ធ្វើជា​មូលដ្ឋាន​យកមក​គិតពិចារណា និង​វិភាគ​ថា​គួរ​វិនិយោគ​ដីធ្លី​នៅទីណា កន្លែង​ណា​ដែល​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​និង​ឆាប់រហ័ស។

ទិញ​ដី​ក្នុង​គោលបំណង​អ្វី?

តើ​អ្នក​មានបំណង​ទិញ​ដី ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ ឬ​ទុក​សាងសង់​សំណង់​នានា? អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​ឲ្យ​ដឹងថា ប្រសិនជា​លោក អ្នក​ចង់​ទិញ​ដី​ដើម្បី​សាងសង់​ខុន​ដូ សាងសង់​អាគារ​ការិយាល័យ ឬ​សម្រាប់​សាងសង់​សណ្ឋាគារ សូម​ទិញ​ដី​នៅក្នុង​ខ័​ណ្ឌ​ចំការ  មន។

ប្រសិនជា​ចង់​ទិញ​ដី​ទុក​លក់​យកប្រាក់​ចំណេញ រយៈពេល​បី​ឆ្នាំ​ខាងមុខ គួរ​ទិញ​នៅ​តំបន់​ទួលគោក និង​តំបន់​ភ្នំពេញ​ថ្មី ប៉ុន្តែ​បើ​ទិញ​ដី​ដែលមាន​ចម្ងាយ​ពី៧ទៅ១០គីឡូម៉ែត្រ​ពី​ទីក្រុង ពួកគេ​ត្រូវ​រង់ចាំ​ដល់៧ឆ្នាំ​ទើប​ចំណេញ​បាន។ បើ​ទិញ​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​ទីក្រុង គឺ​ពួកគេ​អាច​ទទួលបាន​ផលចំណេញ​នៅ​រយៈពេល១០ឆ្នាំក្រោយ។

ការទិញ​ដីធ្លី​ជាការ​វិនិយោគ​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ

ការវិនិយោគ​ដីធ្លី ជាការ​វិនិយោគ​ដ៏​ត្រឹមត្រូវ ប្រសិនជា​លោក អ្នក​សល់​លុយ​ដោយ​ខ្លួនឯង មិនដឹង​យកទៅ​វិនិយោគ​អ្វី ប៉ុន្តែ​ប្រសិនជា​យកលុយ​បង្វិល ឬ​យកលុយ​ពី​ធនាគារ​ដើម្បី​ទិញ​ដី​វិនិយោគ អ្នកជំនាញ​បាន​និយាយថា “កុំ​អី” ព្រោះ​អ្នកខ្លះ​គិតថា ការប្រាក់​ធនាគារ១ឆ្នាំ៨ភាគរយ ហើយ​ដី​ឡើងថ្លៃ២០ភាគរយ​ក្នុង​មួយឆ្នាំ គឺអាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យកមក​ទិញ​បាន ប៉ុន្តែ​វា​ជាការ​យល់ច្រឡំ ព្រោះ​ដី​មិន​ងាយ​លក់ភ្លាមៗនោះទេ និង​អាចមាន​ភាពជាប់គាំងរ​យៈ​ពេល​ពីរ​ឬ​បី​ឆ្នាំ ពោលគឺ​ត្រូវការ​ពេលវេលា។

តំបន់​ណា​ចំណេញ​លឿន​ជាងគេ

ការទិញ​ដី​ដែល​ទទួលបាន​ផលចំណេញ​លឿន​ជាងគេ គឺ​ទិញ​នៅក្នុង​ខ័​ណ្ឌ​សែន​សុខ ដង្កោ និង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ ពិសេស​តំបន់​ទួលគោក និង​ភ្នំពេញ​ថ្មី ដោយសារ​តំបន់​នេះ​ដី​នឹង​ឡើងថ្លៃ​ទ្វេ​រដង​នៅ​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ខាងមុខនេះ។

គួរ​ទិញ​នៅតាម​បណ្តា​ខេត្ត​ឬទេ?

ក្រៅពី​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ អ្នកជំនាញ​បាន​ប្រាប់ថា “កុំ​ទិញ​អី” ព្រោះ​ក្រៅពី​ខេត្ត​ទាំងពីរ​នេះ មិនមាន​ខេត្ត​ណា​មាន​សក្តានុពល​ខ្ពស់​លើ​ផ្នែក​នេះ​ទេ ហើយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ខាងលើ គឺ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ខ្ពស់ជាង​ខេត្តសៀមរាប។ ប្រសិនជា​ទិញ​ដី​នៅ​ខេត្ត​ទុក​លក់​យកប្រាក់​ចំណេញ គឺ​ត្រូវ​រង់ចាំ​រយៈពេល១០ឆ្នាំ​ទៀត។

ការវិនិយោគ​ដីធ្លី​មិន​សុ​ទ្ឋ​ជា​ជម្រើស​ល្អ

ការវិនិយោគ​លើ​វិស័យ​ដីធ្លី​មិន​សុ​ទ្ឋ​តែ​ជា​ជម្រើស​ល្អ​នោះទេ ព្រោះ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​វិស័យផ្សេងៗទៀត ដែល​អាច​ប្រមូលប្រាក់​បាន​លឿន​ជាង​វិស័យ​ដីធ្លី។

ប្រសិនជា​អ្នកមាន​អាយុ៥០ឆ្នាំ ជា​ពេល​ដល់​អាយុ​ជិត​ចូលនិវត្តន៍ មិនគួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នោះទេ គឺ​គួរ​ទិញ​ខុន​ដូ ទិញ​ដី​សាងសង់​ផ្ទះជួល ឬ​ទិញ​ផ្ទះល្វែង​សម្រាប់​ជួល ដែល​អាច​បាន​ប្រាក់ភ្លាមៗត្រលប់​មកវិញ។ ផ្ទុយទៅវិញ​ប្រសិនជា​លោក អ្នកមាន​អាយុ​ចន្លោះ​ពី៣០ទៅ៤០ឆ្នាំ គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី ព្រោះ​ទិញ​ដី​មាន​ផលចំណេញ​ខ្ពស់ និង​ជា​វ័យ​ដែល​លោក អ្នក​កំពុង​រកលុយ​បាន​ច្រើន។

តើ​មាន​លុយ​អ្នក​ប៉ុន្មាន?

តើ​លោក អ្នកមាន​ប្រាក់​ប៉ុន្មាន មាន​ស្ថានភាព​ជីវិត​យ៉ាងដូចម្តេច? ព្រោះ​ការសម្រេចចិត្ត​ក្នុង​លក្ខ​ខ័​ណ្ឌ​នេះ​មាន​សារៈសំខាន់ មុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យនេះ។

ការវិនិយោគ​លើ​វិស័យ​អ្វីមួយ ក៏​គួរ​មាន​លក្ខ​ខ័​ណ្ឌ​ជាក់លាក់​ទាក់ទង នឹង​ចំនួន​ទុនវិនិយោគ លក្ខ​ខ័​ណ្ឌ​ការងារ លក្ខ​ខ័​ណ្ឌ​ជីវិត​ជាដើម។ ប្រសិនជា​អ្នក​ទើប​រៀបការ ហើយ​សល់​លុយ១០ម៉ឺន​ដុល្លារ គួរ​ទិញ​ផ្ទះ​សម្រាប់​ស្នាក់នៅ​សិន ប្រសិនជា​មានផ្ទះ ហើយ​សល់​លុយ​គួរ​ទិញ​ដី​ទុក ហើយ​ប្រសិនជា​មានផ្ទះ​ស្នាក់នៅ និង​មាន​ដី​រួចហើយ គួរ​ទិញ​ខុន​ដូ ព្រោះ​ខុន​ដូ​ជា​វិស័យ​ថ្មី​មួយ​ដែល​កំពុងមាន​ការពេញនិយម និង​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ៕

ដោយ៖ www.propertyarea.asia

 

Facebook Comments

To Top