នយោបាយ

រាជរដ្ឋាភិបាល ប្រកាសបើកទូលាយ កិច្ចសន្ទនាជាមួយ គណបក្សនយោបាយ និងសង្គមស៊ីវិល ដោយគ្មានការរើសអើង (មានវីដេអូ)

ភ្នំពេញ ៖ ថ្លែងចំពោះមុខមហាជនរាប់ម៉ឺននាក់ និងបណ្ដាថ្នាក់ដឹកនាំ គណបក្សនយោបាយនានា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានបើកទូលាយ នូវកិច្ចសន្ទនាដ៏ស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ ដោយគ្មានការរើសអើង។

ក្នុងពិធី អបអរសាទរខួបលើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៃថ្ងៃជ័យជម្នះ ៧ មករា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្ត យ៉ាងសកម្មនូវរបៀបវារៈ អភិវឌ្ឍន៍ជាតិដ៏ស៊ីជម្រៅ និងទូលំទូលាយ តាមរយៈ “យុទ្ធសាស្ដ្រចតុកោណ-ដំណាក់កាលទី៤” ដែលសម្ដេចបានដាក់ចេញផ្ទាល់ មិនទុកឲ្យស្ថានភាពអាក្រក់ណាមួយ មកបង្កជាឧបសគ្គរារាំង ដល់ការសម្រេចនូវក្ដីប្រាថ្នា របស់កម្ពុជាឡើយ។

សម្ដេចមានប្រសាសន៍ថា “ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបើកទូលាយ នូវកិច្ចសន្ទនាដ៏ស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ សំដៅប្រមែប្រមូល គំនិតបញ្ញ និងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុបនៅក្នុង កិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ”។

សម្ដេចបន្ដថាភាពកក់ក្ដៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិ កើតចេញពីទឹកចិត្តយោគយល់ និងចេះអធ្យាស្រ័យអត់ឲ្យគ្នាទៅវិញទៅមក ពីការចេះធ្វើការងារ និងការហ៊ានទទួលយករិះគន់ ដើម្បីស្ថាបនានិងពី ការគោរពប្រតិបត្តិច្បាប់ទាំងអស់គ្នា។

សម្ដេចបន្ថែមថាមានប្រវត្តិសាស្ដ្រមួយ ដែលមិនអាចឲ្យកើតមានសារជាថ្មីវិញបានទេ នោះគឺការបែកបាក់ជាតិ មានប្រភពពីមហិច្ឆតា របស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតជោគវាសេនារបស់ជាតិ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី មានជំនឿថា សង្គមកម្ពុជាមួយ ដែលលក្ខណៈសេរីបើកចំហ និងគោរពតម្លៃមនុស្ស នឹងផ្ដល់ប្រភពគ្មានកំណត់ ដល់ការអភិវឌ្ឍសមត្ថភាព និងការច្នៃប្រឌិតបង្កើតថ្មីរបស់បុគ្គលម្នាក់ៗ ក្នុងការចូលរួមស្ថាបនាជាតិ។ ជាពិសេស សម្រាប់ស្រទាប់យុវវ័យដ៏ច្រើនកុះករ ដែលបានទទួលការបណ្ដុះបណ្ដាល នៅគ្រប់កម្រិត ព្រមទាំងបានទទួលនូវមរតក ស្នាដៃ ចំណោះដឹង គំនិតបញ្ញា រួមជាមួយនឹងបទពិសោធន៍ ពីអ្នកជំនាន់មុននិងដែលកំពុងបង្ហាញ នូវភាពស្វាហាប់ ក្នុងការបំពេញការងារគ្រប់ផ្នែក នៅទូទាំងប្រទេស ទាំងក្នុងវិស័យ សាធារណៈ និងវិស័យឯកជន។

ជាមួយនឹងការខិតខំ ពុះពារប្រឹងប្រែងឥតសំចៃកកម្លាំងកាយ ចិត្តប្រាជ្ញា និងស្មារតី ពិតជានឹងសម្រេច នូវគោលដៅដ៏ឧត្តុងឧត្តម គឺការកសាងកម្ពុជាឲ្យកាន់តែរីកចម្រើន ក្លាយទៅជាប្រទេសជឿនលឿនមួយ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃ ក្នុងជាតិដូចពេលមុនទៀតទេ៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top