ព័ត៌មានជាតិ

រដ្ឋសភាផលិតវីដេអូ ស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៧ (មានវីដេអូ)

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ មុនកិច្ចប្រជុំនេះមកដល់ រដ្ឋសភាក៏បានផលិត ឯកសារវីដេអូមួយ រៀបរាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយគូសបញ្ជាក់ថា ការទទួលធ្ចើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF នេះ ជាជោគជ័យលើវិស័យការទូតសភាកម្ពុជា។

វីដេអូឯកសារដែលមានរយៈពេលប្រមាណ៧នាទី បានរៀបរាប់ពីកម្ពុជាដែលជាប្រទេសមួយបានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទស្សវត្សរ៍ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះបានរំដោះខ្លួន ចេញពីសង្រ្គាម។ កម្ពុជាក្លាយជាកោះសន្តិភាព ដែលមានការអភិវឌ្ឍ និងសុខសន្តិភាពពេញផ្ទៃប្រទេស។ តាមរយៈវីដេអូនោះ បានគូសបញ្ជាក់ថា សន្តិភាពដែលកម្ពុជា ទទួលបាន នាពេលបច្ចុប្បន្ន បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជាពីររូប គឺព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរម រតនកោដ្ឋ អតីតព្រះមហាវីរក្សត្រ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាទទួលបានជោគជ័យខាងវិស័យការទូតសភាផងដែរ។ វីដេអូឯកសារដែលផលិតដោយរដ្ឋសភា បានលើកឡើងថាក្រោមការដឹកនាំ របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ សភាកម្ពុជាបានក្លាយជាសមាជិកវេទិកា និងអង្គការសភាធំៗ នៅក្នុងពិភពលោក និងតំបន់ មានដូចជា សហភាពអន្តរសភា(IPU) អន្តរសភាអាស៊ាន(AIPA) សភាតំបន់អាស៊ី(APA) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នេះជាដើម។ ក្នុងនាមជាសមាជិក អង្គការ សភាទំាងនោះ សភាកម្ពុជាមានសមត្ថភាព និងលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំ និងមហាសន្និបាត អង្គការឬសមាគមសភា ទំាងនោះជាបន្តបន្ទាប់ ។ សកម្មភាពទំាងនេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មភាព របស់សភាកម្ពុជា ក្នុងការពង្រឹងយន្តការសភាសម្រាប់ដោះស្រាយបញ្ហាសង្គមក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

សូមទស្សនាវីដេអូឯកសារ ដែលរដ្ឋសភាបានផលិតទំាងស្រុង ដូចខាងក្រោមនេះ៖

Facebook Comments

To Top