ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ស្នើនិស្សិតអាហារូបករណ៍ អូស្ត្រាលី-នូវែលហ្សេឡង់ ប្រឹងប្រែងសិក្សា ចូលរួមអភិវឌ្ឍន៍ប្រទេស

ភ្នំពេញ៖ លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានស្នើនិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រឹងប្រែងសិក្សាដើម្បីក្រេបជញ្ជក់ ចំណេះវិជ្ជា និងដកស្រង់បទពិសោធន៍ល្អៗពីការអភិវឌ្ឍក្នុងប្រទេសទាំងពីរ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០-២០៥០ ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទាំង៣៥នាក់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ លោក កឹម ស៊ីថន បានចែក រំលែកអនុសាសន៍មួយចំនួន មុនពេលចេញដំណើរទៅបន្ត ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នាពេលឆាប់ៗខាងមុខ។

លោករដ្ឋមន្ត្រីស្តីទី ក៏បានលើកទឹកចិត្តនិសិ្សតជ័យលាភីទាំងអស់ ធ្វើការប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់ជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជនតំណាងកម្ពុជា ដើម្បីរឹតចំណង មិត្តភាព និងកិច្ចសហការជាមួយនិស្សិតមកពីប្រទេសផ្សេងៗ សំដៅពង្រីកនូវចំណេះដឹងជុំវិញពិភពលោក និងជំនាញនៃការអនុវត្តការងារចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកលើកឡើងទៀតថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្មួយៗនឹងខិតខំប្រើប្រាស់ចំណេះដឹង ចំណេះធ្វើ និងជំនាញដែលទទួលបានពីការសិក្សា មកបំពេញការងារតាមជំនាញ និងស្ថាប័នរៀងៗខ្លួន ដើម្បីបុព្វហេតុជាតិ មាតុភូមិរបស់យើង”។

សូមជម្រាបថា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ គឺជាកម្មវិធីសិក្សាដែលមានកិត្យានុភាពកម្រិតអន្តរជាតិបានបង្កើតឡើងសម្រាប់អនាគតអ្នកដឹកនាំវ័យក្មេង នៅក្នុងប្រទេសអាស៊ាន។ ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាប្រមាណ ៧៥០នាក់ហើយ ដែលបានចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត តាម សកលវិទ្យាល័យនានាក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ ក្រោមកម្មវិធីអាហារូបករណ៍នេះ៕

Facebook Comments

To Top