សន្តិសុខ និង សង្គម

ចោរប្លន់១ក្រុម ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ៖ក្រុមចោរប្លន់១ក្រុម ធ្វើសកម្មភាពកាប់ជនជាតិចិនប្លន់ បានសម្រេចយកលុយបានចំនួន៩០០ដុល្លារ និងទូរស័ព្ទ២គ្រឿងកាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនោះ ។ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានទៅឃាត់ខ្លួនបក្ខពួកបាន៤នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ។ ការឃាត់ខ្លួននេះធ្វើឡើងជាបន្តបន្ទាប់ររហូតដល់ថ្ងៃទី៣ខែមករា ឆ្នាំ២០១៩ នេះ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១,ឈ្មោះ ថុន វ៉ាន់ហៅបិប អាយុ១៩ឆ្នាំមុខរបរមិនពិតប្រកដស្នាក់នៅក្បែរកន្លែងកើតហេតុ។ទី២,ឈ្មោះ ម៊ំ ម៉េង លី អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយគ្នា។ទី៣,ឈ្មោះ សំបាត់ បូរិន អាយុ១៨ឆ្នាំ និងទី៤,ឈ្មោះ អាន មេសា អាយុ២០ឆ្នាំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ចៀន ហ៊ាន់ហ្វឹង អាយុ៤០ឆ្នាំជនជាតិចិនស្នាក់នៅផ្ទះជួលស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

លោក យឹម សារ៉ាន់ អធិការរូបនេះបានបន្តថា ដំណើររឿងនៅមុនពេលកើតហេតុវេលាម៉ោង ២ រំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៨ជនរងគ្រោះបានជិះម៉ូតូកង់បីមកពីលក់ស្បែកជើងត្រឡប់មកផ្ទះជួលវិញស្ថិតនៅទីតាំងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យមានគ្នាចំនួន ៥ នាក់បានមកស្ទាក់កាប់ប្លន់យកកាបូបលុយមានលុយ៩០០ដុល្លារអាមេរិកទូរស័ព្ទ២គ្រឿង និងរបស់របរមួយចំនួនគេចខ្លួនបាត់អស់។

លោកបានបន្តថា ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ស្វែងរកជនសង្ស័យ ។ នគរបាលក្រោយពីទទួលបណ្តឹងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក៏រកឃើញតំរុញនៃមុខសញ្ញាទើបឈានទៅឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន៤នាក់ ចំណែកម្នាក់ទៀតដឹងខ្លួនរត់គេចខ្លួនបាត់ ។

លោកបន្តថា ជនសង្ស័យទាំង៤នាក់ ត្រូវកម្លាំងលោកកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចំណែកម្នាក់កំពុងរត់ខ្លួន នោះលោកនិងខិតខំស្រាវជ្រាវស្វែងរកឃាត់ខ្លួន នាំមកផ្តន្ទាទោសឲ្យទាល់តែបាន ព្រោះយើងបានស្គាល់មុខមាត់ច្បាស់ហើយ ទោះយ៉ាងមិនអាចឲ្យជនល្មើសនេះ រត់គេចខ្លួនបានឡើយ៕

Facebook Comments

To Top