នយោបាយ

នាយករដ្ឋមន្ដ្រី យល់ព្រមឲ្យបង្កើត គណៈកម្មការរួមមួយ រវាងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ ៖ បន្ទាប់ពី លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា ស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ចំនួន៣ចំណុចនោះ នាយករដ្ឋមន្ដ្រី ក៏បានយល់ព្រមឲ្យបង្កើត គណៈកម្មការរួមគ្នាមួយ រវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីចូលរួមពិនិត្យកែសម្រួល គុណវុឌ្ឍជាតិកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានជម្រាបជូនសម្តេច អំពីសកម្មភាព របស់សមាគម គ្រឹះស្ថានឧត្តមសិក្សា នាឆ្នាំកន្លងមក ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំងបញ្ហាសង្គមផងដែរ។

លោក ហេង វ៉ាន់ដា ក៏បានស្នើសុំ នាយករដ្ឋមន្រ្តី ចំនួន៣ចំណុច រួមមាន៖ ,ទី១-មេត្តាពិចារណា បង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យ កែសម្រួលគុណវុឌ្ឍជាតិកម្ពុជា ,ទី២-ស្នើសុំបង្កើតក្រុមការងារ រវាងសមាគមគ្រឹះស្ថាន ឧត្តមសិក្សាជាមួយក្រសួងអប់រំ និងទី៣-បង្កើតក្រុមការងារ រវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធទៅនឹងសំណើររបស់លោក ហេង វ៉ាន់ដា សម្ដេចតេជោបានយល់ស្របដោយ ,ទី១-យល់ស្របបង្កើត ឲ្យមានគណៈកម្មការរួមមួយ រវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ,ទី២-ប្រគល់ការងារជូន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុនជាប្រធានគណៈកម្មការ និងទី៣-បង្កើតលេខាធិការដ្ឋានមួយ នៅក្រោមចំណុះក្រសួងអប់រំ ដែលនឹងមានគណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះ បង្កើតរួចហើយ គណៈកម្មការត្រូវពិនិត្យបង្កើតយន្តការ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹងអនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

ក្នុងជំនួបនោះដែរ នាយករដ្ឋមន្ត្រី ថា នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺមានសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការអនុគ្រោះពន្ធ។ ប៉ុន្តែជំនួបលើកនេះ គឺពុំមានសំណើរច្រើនឡើយ តែផ្ទុយទៅវិញ គឺមានតែសំណូមពរ ដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារ លើវិស័យអប់រំនេះ៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top