ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះកម្ពុជា នឹងបន្តចុះត្រជាក់ ដោយទទួលរង ឥទ្ធិពលព្យុះប៉ាប៊ុក

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដោយសារកម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់ព្យុះប៉ាប៊ុក(PABUK) បង្កឲ្យមានធាតុអាកាសចុះត្រជាក់ និងមានភ្លៀងលាយឡំ ខ្យល់បោកបក់ ខ្លាំងៗ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមក ឃើញថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ ។ ក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ ប៉ាប៊ុក ដែលជាព្យុះទី១ប្រចាំឆ្នាំ២០១៩ ។ ព្យុះនេះនឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង(TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២-៣មករា ត្រជាក់បន្តកើតមាន នៅតែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម) ។

លិខិតបន្តថា ចាប់ពីថ្ងៃទី៣-៤មករា ផ្នែកខ្លះនៃសសរាជធានី-ខេត្តប៉ែកខាងក្រោមរួមនឹងខេត្តកែប កំពត និងព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ប្រភពពីក្រសួងបញ្ជាក់ថា “សូមបងប្អូនប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ មករា”៕

Facebook Comments

To Top