នយោបាយ

ជាថ្មីម្ដងទៀត! នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រាប់អាមេរិក កុំឲ្យបង្កើតកំហុសលើកទី៣នៅកម្ពុជា

ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់នោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានថ្លែងនៅ ចំពោះមុខមេទ័ពកំពូល នៃប្រទេសចិន ថៃ ឡាវ វៀតណាម ភ្ញៀវជាតិ និងអន្តរជាតិ ដោយធ្វើការផ្ដាំផ្ញើនិងប្រាប់ ទៅកាន់សហរដ្ឋអាមេរិក ដែលអួតខ្លួន ជាប្រទេសបិតាប្រជាធិបតេយ្យនោះ កុំឲ្យបង្កើតកំហុសជាលើកទី៣ មកលើកម្ពុជាឲ្យសោះ ខណៈដែលសហរដ្ឋអាមេរិក ធ្លាប់បង្កើតកំហុសធំៗពីលើករួចមកហើយ គឺការគាំទ្ររដ្ឋប្រហារយោធារបស់លន់ នល់ និង គាំទ្រឲ្យខ្មែរក្រហម អង្គុយលើអាសនៈអង្គការសហប្រជាជាតិ អស់រយៈពេល១២ឆ្នាំ។

ក្នុងពិធីសម្ពោធ​ វិមានអនុស្សាវរីយ៍​ នយោបាយ​ ឈ្នះ-ឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា “សូមអ្នកទាំងឡាយ កុំរំខានប្រជាជនកុំបង្កសង្រ្គាមរាំងជល់ តាមល្បិចកលរបស់ដែលហៅថា លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ដែលទីចុងបំផុត សូម្បីតែប្រទេសប្រជាធិបតេយ្យ ក៏ធ្លាប់បានកសាងកំហុស គឺគាំទ្ររដ្ឋប្រហារយោធារបស់លន់ នល់ ។ សូមឲ្យអ្នកទាំងឡាយ ក្ដាប់ឲ្យជាប់មេរៀនពីអតីតកាល ប្រទេសមួយចំនួនក្ដាប់ឲ្យជាប់ មេរៀនពីអតីតកាល”។

នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានបញ្ជាក់ថា “កុំកសាងកំហុសលើកទី៣ កំហុសលើកទី១.តាំងខ្លួន ជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬជាលទ្ធិយោធានិយម? ​ឯទី២.អ្នកធ្លាប់បានគាំទ្រប៉ុល ពត ដែលសម្លាប់មនុស្ស ដោយគ្មានបានគិតគូរ អំពីសិទ្ធិមនុស្សនោះទេ! អ្នកបានគាំទ្រពួកគេ ឲ្យអង្គុយនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ដូច្នេះសង្ឃឹមថាប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្ម ចំពោះអ្នកដែលបានខិតខំ រក្សាសន្តិភាពខិតខំរក្សានូវសេចក្ដីសុខ និងអាយុជីវិតរបស់ប្រជាជន ដើម្បីធានាដល់ការអភិវឌ្ឍន៍នោះទេ”។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ជាង៩០ភាគរយ នៃអតីតតំបន់សមរភូមិ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ទេសចរណ៍ ដែលកំពុងមានការទាក់ទាញយ៉ាងខ្លាំង ជាពិសេសតំបន់ព្រំដែនទាំងអស់ ដែលជាអតីតសមរភូមិ បានក្លាយជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រោយបញ្ចប់សង្រ្គាមស៊ីវិលកម្ពុជា បានចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕

ដោយ​៖ នឿត មង្គល

Facebook Comments

To Top