ព័ត៌មានជាតិ

សិក្សារួចរាល់! ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកា អស់៣.៨០០លានដុល្លារ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រហូតមកដល់ពេលនេះ ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺសិក្សារួចរាល់ចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកា អស់ប្រមាណ៣.៨០០លានដុល្លារ។ នេះបើយោងតាមគេហទំព័រ របស់ក្រសួងព័ត៌មាន។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងកាលពីចុងសប្ដាហ៍នេះថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិ នៃប្រទេសជប៉ុន (JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅ បាវិត​ ដែលមានចម្ងាយផ្លូវប្រវែង ១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។

លោក បានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣.៨០០ លានដុល្លារ ដែលការចំណាយយ៉ាងច្រើន សម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារ តែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់ ៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃ ក្នុងការចំណាយសាងសង់ច្រើន។

លោកបានលើកឡើងថា បើប្រៀបធៀបទៅនឹង ការសាងសង់ផ្លូវល្បឿនលឿន ពីរាជ ធានីភ្នំពេញ ទៅខេត្ដព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិកា ប្រមាណតែ ២.០០០លានដុល្លារប៉ុណ្ណោះ ដោយសារផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិត។

លោកបានបន្ដថា ដោយសារតែ​ទំហំទឹកប្រាក់ ក្នុងការចំណាយ សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺមានចំនួន ច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេច ធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ។ ជាមួយគ្នានេះដែរ សម្រាប់ផ្លូវជាតិ​លេខ១ រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យអង្គការ JICA ធ្វើការ​​ សិក្សា ដើម្បីពង្រីកបន្ថែមឱ្យបានធំទូលាយ ក្នុងការ​ចូលរួម កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសរថយន្ដដឹកជញ្ជូន ទំនិញឆ្លងកាត់តាមផ្លូវនេះឱ្យ​មាន​សុវត្ថិភាព។

លោករដ្ឋមន្រ្ដីបានបន្ថែមថា ក្រៅពីការសិក្សាផ្លូវជាតិលេខ១ អង្គការ JICA ក៏កំពុង​សិក្សានៅក្នុងរាជធានី​ភ្នំពេញ ដែលសិក្សាបញ្ចប់នៅចុងឆ្នាំ២០១៩ ខាងមុខ ដើម្បីសាងសង់ ផ្លូវរថ​ភ្លើង​លើអាកាស ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញផងដែរ។ ទន្ទឹមនេះ ការសាងសង់ផ្លូវរថភ្លើង លើអាកាសនេះ គឺមានតម្លៃថ្លៃណាស់ ដោយតាមការសិក្សា ប៉ាន់​ប្រមាណ​របស់អង្គការ JICA គឺក្នុងចម្ងាយផ្លូវប្រវែង១៨គីឡូម៉ែត្រ ត្រូវចំណាយថវិកា​ប្រមាណ ១.២០០ដុល្លារ។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែ​បន្ដការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ជាពិសេសការរៀបចំផែនការ យុទ្ធសាស្រ្ដដោយផ្ដោតសំខាន់ៗ លើការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បី សម្រួលដល់មធ្យោបាយ ដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព កាត់បន្ថយតម្លៃដឹកជញ្ជូន ជាមួយនឹងសេវាលឿនរហ័ស និងកាន់តែមានប្រសិទ្ធភាព សម្រាប់ចូល រួមធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

Facebook Comments

To Top