នយោបាយ

ចិន លេងមួយទំហឹងគោស្ទាវ លើគម្រោងសាងសង់ ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោន ក្នុងមួយថ្ងៃ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ​ ដោយក្រុមហ៊ុនចិន ដែលមានសមត្ថភាព សម្ងួតស្រូវសើមចំនួន ១០ម៉ឺនតោនក្នុងមួយថ្ងៃ និងអាចស្តុកស្រូវ-អង្ករស្ងួត បានដល់ទៅ ១លានតោន នៅតាមខេត្តដែលមានសក្តានុពល ក្នុងប្រទេសកម្ពុជា។

តាមរយ:បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា លោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានគូសបញ្ជាក់​ថា​ ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត ស្រូវ-អង្ករនេះ​ នឹងនាំមកនូវប្រាក់ចំណូល ក្នុងវិស័យស្រូវ-អង្ករកម្ពុជា​ តាមរយ:ការជំរុញនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ​ ក្នុងមួយឆ្នាំ ៥០ម៉ឺនតោន,​ កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង,​ ជួយពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ និងបង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ ជាពិសេសធ្វើឱ្យតម្លៃស្រូវ-អង្ករកម្ពុជា មានស្ថិរភាពសម្រាប់កសិករ​ និងភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី​ ក៏បានស្នើឱ្យភាគីចិន សហការជាមួយ ក្រុមហ៊ុនហ្គ្រីនត្រេដ ខិតខំធ្វើការសិក្សារៀបចំគំនូរប្លង់សាងសង់ សម្រាប់ទីតាំងនីមួយៗ ព្រមទាំងធ្វើបញ្ជីចំណាយលម្អិត សម្រាប់ការងារសាងសង់ និងការបំពាក់សម្ភារៈបរិក្ខាផ្សេងៗ ស្របតាមទំហំទឹកប្រាក់ដែលរដ្ឋាភិបាលបានកំណត់ និងមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចការនេះ ទៅមុខបានរលូន និងទទួលបានជោគជ័យ។

គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីគម្រោងជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករ​ ជាមួយវិស័យឯកជននៃប្រទេសចិន។ នៅក្នុងនោះ ភាគីកម្ពុជា​ តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម​ ហើយភាគីចិន​ តំណាងដោយក្រុមហ៊ុនចំនួនបី​ គឺ៖ Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) និងក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation)។

យោងតាមអនុស្សរណៈ​ ក្រុមហ៊ុនចិន​ Henan Yuguang International Economic & Technical Cooperation មានកាតព្វកិច្ចទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករ​ នៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ សយ សុធីតា

 

Facebook Comments

To Top