នយោបាយ

កម្ពុជា ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ ជា​មធ្យម ៧,៧ភាគរយ ​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែងថា នៅក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​ជា​មធ្យម៧,៧ភាគរយ ហើយ​ឆ្នាំ២០១៨នេះ​កម្ពុជា រំពឹងថា​នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច ​ក្នុង​រង្វង់៧,៣ភាគរយ​បន្ថែមទៀត។

ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី នាវ ច័ន្ទ​ថា​ណា ​បានលើកឡើង​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី៥ស្តីពី ការពង្រីក​ប្រភព​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះ​ថា វិស័យ​ដែល​កំពុង​ស្រូបយក​សក្តានុពល​និង​ជំរុញ​កំនើន​សេដ្ឋកិច្ចកម្ពុជា រួមមាន​វិស័យ​កាត់ដេរ និង​សំណង់ ដែល​វិស័យ​ការរីកចម្រើន​យ៉ាងខ្លាំង ខណៈដែល​វិស័យ​ទេសចរណ៍​កំពុងមាន​ស​ន្ទះ​នៃ​ការកើនឡើង ដូច្នេះ​អាច​បញ្ជាក់បាន​ថា វិស័យ​ទាំងនេះ​កំពុងមាន​សក្តានុពល​ខ្លាំង ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច ការបង្កើន​ចំណូល និង​ការងារ​ដល់​កំលាំង​ពលកម្ម ដែលមាន​ជំនាញ​ទាប និង​មធ្យម។

លោកស្រី បន្តថា ចំណែក​វិស័យ​កសិកម្ម​វិញ ទោះបី​វិស័យនេះ​មាន​ផលទុន​សរុប​ក្នុងស្រុក​មានការ​ថយចុះ នៅ​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ​ក៏ដោយ តែ​វិស័យនេះ​ នៅតែ​បន្ត​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ ។ ដូច្នេះ​ទាក់ទិន​វិស័យ​ទាំងអស់នេះ បើ​គិត​នៅក្នុង​មួយ​ទសវត្ស​រ៌ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​ជា​មធ្យម៧,៧ភាគរយ។

សេដ្ឋវិទូ​ជាន់ខ្ពស់​ជំនាញ​សកល ​គ្រប់គ្រង​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ធនាគារពិភពលោក លោក​លី សា​ដេ​ត ​បាន​ថ្លែងថា កម្ពុជា​បាន​កែទម្រង់​ផ្នែក​ធុរកិច្ច​ ល្អប្រសើរ​ជាង​មុន ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល និង​ការបើកឱកាស​ឲ្យ​សហគ្រិន​វ័យក្មេង​ បាន​ប្រកួតប្រជែង​នៅលើ​ទីផ្សា​ពាណិជ្ជកម្ម អាជីវកម្ម​របស់ខ្លួន ប៉ុន្តែ​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ ឲ្យ​កាន់តែ​ប្រកបដោយ​តម្លាភាព កា​រប ង្កើ​ន​ចំណេះដឹង​និង​វិជ្ជាជីវៈ​គឺជា​រឿង​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​តា​ម​ស្តង់ដា​ ជាពិសេស​ផ្នែក​គុណភាព​ទំនិញ។

លោក​បន្តថា “កម្ពុជា​នៅមាន​សក្តានុពល និង​វិស័យថ្មីៗជាច្រើន​ទៀត​ដូចជា ការបង្កើន​រោងចក្រ​ម្សៅ​មី និង​ការដាំដុះ​ដំណាំ ​មាន​សក្តានុពល​មួយចំនួន ដូចជា ដំណាំ​ស្វាយ ដំណាំ​ចេក និង​ដំណាំផ្សេងៗទៀត ដែល​កម្ពុជា​មានលទ្ធភាព ​ក្នុងការ​នាំចេញ​ទៅកាន់​ក្រៅប្រទេស ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ហើយ​កម្ពុជា​ ក៏​កំពុង​ស្រូបយក​ផ្នែក​បច្ចេកវិទ្យា គ្រឿង​បង្គុំ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្នែក​ទាំងអស់នេះ កំពុង​ស្រូបយក​សក្តានុពល ​កំណើន​សេដ្ឋកិច្ច ​ដ៏​ធំ​ផងដែរ”៕

ដោយ៖ ​ស៊ីវ ម៉េង

(www.propertyarea.asia)

 

 

Facebook Comments

To Top