ព័ត៌មានជាតិ

១៦ឆ្នាំ ក្រុមហ៊ុនអាមេរិក វិនិយោគដាំដើមម៉ៃសាកនៅកម្ពុជា បានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច

ភ្នំពេញ៖ លោក Mitchell ម្ចាស់ក្រុមហ៊ុនឈ្មោះ SRP International បានឡើងថា ក្រុមហ៊ុនរបស់លោក បានធ្វើការវិនិយោគ លើការដាំដុះដើមម៉ៃនៅកម្ពុជា អស់រយៈពេល១៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០០២រហូតមកទល់បច្ចុប្បន្ន ដោយបានចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ លោកភារធារី Michael Newbill បានទៅមើលចំការដើមម៉ៃសាក់ ប្រកបដោយនិរន្តភាពមួយកន្លែង របស់អ្នកជំនួញអាមេរិកម្នាក់ ឈ្មោះ Daniel Mitchell ។ លោក Mitchell ដែលមានក្រុមហ៊ុនឈ្មោះ SRP International បាននិងកំពុងធ្វើការវិនិយោគ ហើយបង្កើតការងារធ្វើនៅកម្ពុជា តាំងពីឆ្នាំ២០០២ មកម្ល៉េះ។

ហ្វេសប៊ុកទូតអាមេរិកបន្តថា “ការវិនិយោគប្រកបដោយ តម្លាភាព និងនិរន្តភាព ដែលអភិរក្សធនធាន របស់ប្រទេសមួយ មានសារសំខាន់ណាស់ សំរាប់សេដ្ឋកិច្ចមួយ ដែលមានកំណើនលូតលាស់ល្អ ហើយក្រុមហ៊ុន អាមេរិក ដូចជាក្រុមហ៊ុនរបស់លោក Mitchell មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយប្រទេសកម្ពុជា ក្នុងពេលដែលការអភិវឌ្ឍន៍នៅប្រទេសនេះ កំពុងតែមានជាបន្តបន្ទាប់” ។

សូមរំលឹកថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់កម្ពុជា ហើយក៏ជាទីផ្សារនាំចេញដ៏ធំ របស់កម្ពុជាផងដែរ។ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន៣,៥ពាន់លានដុល្លារ ។ អាមេរិកនាំចូលមកកម្ពុជា មានទំហំសរុបចំនួន៤០០លានដុល្លារ ចំណែកកម្ពុជានាំចេញ ទៅអាមេរិកមានទំហំ៣,១ពាន់លានដុល្លារ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top