ព័ត៌មានជាតិ

ការិយាល័យ អង្គភាពត្រួតពិនិត្យទំនិញ តាមផ្លូវអាកាសដំបូងបំផុត នៅអាស៊ានត្រូវបានដាក់ឲ្យ ដំណើរការនៅកម្ពុជា

ភ្នំពេញ៖ ការិយាល័យអង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU) ត្រូវបានដាក់ឲ្យដំណើរការនៅកម្ពុជា ដំបូងបង្អស់ក្នុងបណ្ដា ប្រទេសនៅអាស៊ាន ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការជួញដូរខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន តាមផ្លូវអាកាសនូវទំនិញ និងកញ្ចប់បញ្ញើនាំចេញ-នាំចូលមកកម្ពុជា ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ការិយាល័យអង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU) បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញក្រោមអធិបតីភាពលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួម ពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន, លោក Russel Bash តំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Mark Stanley មន្រ្តីសម្របសម្រួលប្រចាំតំបន់នៃ កម្មវិធីត្រួតពិនិត្យកុងតឺន័រ របស់ការិយាល័យអង្គការសហប្រជាជាតិ ផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC), តំណាងស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីគយ និងរដ្ឋាករនិងមន្ត្រីមានសមត្ថកិច្ច ពាក់ព័ន្ធប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

លោក គុណ ញឹម បានសម្តែងអំណរសាទរ ចំពោះការបើកដាក់ឲ្យដំណើរការ ការិយាល័យអង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញនេះ ដែលជាការិយាល័យដំបូងបង្អស់ នៅអាស៊ានបន្ទាប់ពីគម្រោង ការិយាល័យអង្គភាព ត្រួតពិនិត្យកុងតឺន័រ ត្រូវបានពង្រីកទៅកាន់បណ្តា អាកាសយានដ្ឋានអន្តរជាតិ រួមមានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស គុយបា ហ្សកហ្ស៊ី ហ្ស៊កដានី ប៉ាគីស្ថាន ស្រីលង្ការ និងអ៊ុយក្រែន ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានគូសបញ្ជាក់ថា ការិយាល័យអង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស (ACCU) ត្រូវបានបង្កើតទ្បើងក្នុងគោលបំណង កាត់បន្ថយនិងទប់ស្កាត់ ការជួញដូរខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន តាមផ្លូវអាកាសនូវទំនិញ និងកញ្ចប់បញ្ញើនាំចេញ-នាំចូលមកកម្ពុជា។

ជាមួយគ្នាដែរលោក គុណ ញឹម ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងកាណាដា ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ជាពិសេសអង្គការ UNODC ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួមមានជំនួយ បច្ចេកទេសនិងសម្ភារៈបរិក្ខា ជាពិសេសការបង្កើតការិយាល័យ អង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស (ACCU) នេះផងដែរ ។

ថ្លែងក្នុងសុន្ទរកថាបើក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានលើកឡើងអំពីស្ថានភាពល្អ ប្រសើរក្នុងការសហការគ្នា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គភាពពាក់ព័ន្ធដើម្បីបង្កើន ប្រសិទ្ធភាពនៃការត្រួតពិនិត្យរកគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ តាមផ្លូវសមុទ្រនិងផ្លូវអាកាស ជាពិសេសបទល្មើសឆ្លង កាត់ព្រំដែនខុសច្បាប់នានា ។

លោក Russell Bash តំណាងស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងពីសុទិដ្ឋិនិយម នៃការបង្កើតការិយាល័យ អង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) និងសហប្រតិបត្តិការល្អរវាង រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ។ លោកក៏សង្ឃឹមដែរថា ACCU នៅកម្ពុជានឹងទទួលបាន ជោគជ័យជាផ្លែផ្កា ហើយនឹងក្លាយជាការិយាល័យ គម្រូល្អដល់អាកាសយានដ្ឋានអន្តរជាតិ ដទៃទៀតនៅក្នុងតំបន់។

លោក Mark Stanley មន្ត្រីសម្របសម្រួលប្រចាំតំបន់នៃ កម្មវិធីត្រួតពិនិត្យកុងតឺន័រ របស់អង្គការ UNODC បានគូសបញ្ជាក់សារជាថ្មីម្តងទៀត ពីការជួយឧបត្ថម្ភគាំទ្រដល់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិសេសបន្ទាប់ពីដាក់សម្ពោធឱ្យ ដំណើរការការិយាល័យអង្គភាព ត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU)នេះ ៕

Facebook Comments

To Top