ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បញ្ជាអភិបាលខេត្តព្រះសីហនុ ស្តារមុខមាត់ខេត្តឡើងវិញ

ភ្នំពេញ៖ក្រោយពីខេត្តព្រះសីហនុ ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់បានធ្លាក់មុខមាត់យ៉ាងខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាអភិបាលខេត្ត ព្រះសីហនុ លោក យន្ត មីន ស្តារឡើងវិញនូវ កិត្តិយស ដែលបានធ្លាក់ចុះ ដោយកត្តាសត្យានុម័ត និងកត្តាអត្តនោម័ត។

ក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “អភិបាលខេត្តព្រះសីហនុ ត្រូវស្តារឡើងវិញនូវកិត្តិយស ដែលបានធ្លាក់ចុះដោយ កត្តាសត្យានុម័ត និងកត្តាអត្តនោម័តឡើងវិញ”។

សម្តេចតេជោបញ្ជាក់ថា នៅពេលសម្តេចមានប្រសាសន៍បែបនេះរួចហើយ កុំឲ្យលឺពាក្យនិយាយថា សម្តេចចធ្វើតាមសំដីអ្នកនេះ អ្នកនោះឲ្យសោះ ព្រោះសំដី ដែលសម្តេចបញ្ជាក់ឡើង នាពេលនេះ មិនបានគាំទ្រទៅលើក្រុមអ្នកលេងហ្វេសប៊ុក មួយក្រុមណានោះទេ ហើយក៏កុំយកសំដី សម្តេចទៅវាយប្រហារគ្នាដែរ ព្រោះសម្តេចមិនបានដឹងថា ពួកអ្នកលេងហ្វេសប៊ុក និយាយពីអ្វីខ្លះនោះទេ ។

សម្តេចបានលើកជាឧទាហរណ៍ថា មានគេលើកឡើងថា សម្តេចនាយកបញ្ជាឲ្យចាប់មីខ្ញុង ព្រោះមិនដឹងមីខ្ញុងនិយាយពីអ្វីផង (ខ្ញុងនិយាយរិះគន់ខេត្តព្រះសីហនុ)។

នាយករដ្ឋមន្រ្តីបានផ្តាំផ្ញើ ទៅក្រុមអ្នកលេងហ្វេសប៊ុកថា បើចង់លេងអ្វីលេងទៅ ។ សម្តេចថា “តែកុំយកសំដីខ្ញុំទៅថា កាន់ជើងអ្នកនេះ អ្នកនោះ លោកចង់វៃគ្នា ទៅណាវៃគ្នាទៅនោះទៅ ។ តែខ្ញុំធ្វើការពិតប្រាកដ ខ្ញុំបញ្ជាទៅលើរដ្ឋបាលសាធារណៈ បញ្ជាកំលាំងអាវុធ រឿងនៅខេត្តព្រះសីហនុ រឿងវាមិនធំទេ ប៉ុន្តែគេធ្វើដូចជាព្យុះស៊ូណាមិមួយបានកើតឡើងនៅខេត្តព្រះសីហនុ” ។

សម្តេចថា ពីមុនអត់មានតំបន់ទេសចរណ៍ច្រើន បានជាមកប្រមូលផ្តុំគ្នានៅខេត្តព្រះសីហនុ តែឥឡូវនេះ តំបន់ទេសចរណ៍មានការប្រកួតប្រជែងគ្នាខ្លាំង គ្រាន់តែតំបន់មាត់សមុទ្រ ទើបពលរដ្ឋបានសម្រុក ទៅលេងកំសាន្ត នៅតំបន់ផ្សេងៗទាំងនោះវិញ។

សម្តេចបន្តថា “មានអ្នកមកចង់លេងនៅកោះកុង មានអ្នកចង់លេងក្រុងព្រះសីហនុ មានអ្នកទៅចង់លេងនៅកែប មានអ្នកទៅចង់លេងនៅកំពត។ ក្រៅពីមាត់សមុទ្រមានអីទៀត អង្គរវត្ត ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង មានកន្លែងច្រើនណាស់ ដូច្នេះអ្នកដែលធ្លាប់មកហើយ គេមិនមក ដូច្នេះចាត់ទុកថា ជាកត្តាសត្យានុម័តមួយ”។

សម្តេចក៏បានស្នើឲ្យ បញ្ហាសន្តិសុខ ត្រូវតែការពារឲ្យបានរឹងមាំ ទៅលើមនុស្សទាំងអស់ ដែលឈរជើងនៅលើទឹកដីកម្ពុជា៕

Facebook Comments

To Top