នយោបាយ

ក្រសួងការបរទេសខ្មែរ ច្រានចោលការចោទ របស់ខេមបូឌាដេលីថា រាជរដ្ឋាភិបាលបញ្ឈប់ប្រតិបត្តិការ និងបិទគណនីធនាគារខ្លួន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់សារព័ត៌មាន ឌឹខេមបូឌាដេលី ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល ។

យោងតាមសេចក្ដីបំភ្លឺ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសខ្មែរ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ ដោយអនុលោមទាំងស្រុងតាមរដ្ឋធម្មនុញ្ញកម្ពុជា និងបានបញ្ជាក់ពី វិធានការបន្ថែមទៀត ក្នុងចំណោមវិធានការសំខាន់ៗដទៃទៀត ដើម្បីលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ។

ក្រសួងបន្តថា អង្គភាពផ្សព្វផ្សាយជាច្រើនកំពុងធ្វើប្រតិបត្តិការដោយសេរី ដោយសារពួកគេធ្វើប្រតិបត្តិការស្របតាមច្បាប់របស់កម្ពុជា រួមមាន ការបំពេញកាតព្វកិច្ចបង់ពន្ធ ។

ក្រសួងបញ្ជាក់ថា “នៅក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់សារព័ត៌មាន ឌឹខេមបូឌាដេលី ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល ។ នេះជាការចោទប្រកាន់ដោយគ្មានការពិត និងគ្មានសច្ចៈភាពទាល់តែសោះ ។ ជាក់ស្តែង អង្គភាពផ្សព្វផ្សាយជាភាសាខ្មែរ និងបរទេសជាច្រើន ដែលបានអនុវត្តតាមទាំងស្រុង ចំពោះច្បាប់ជាធរមាន បានបន្តប្រតិបត្តិការផ្សព្វផ្សាយ និងប្រើប្រាស់សិទ្ធបញ្ចេញមតិរបស់ខ្លូន ដោយគ្មានការរំខាន” ។

យោងតាមឯកសារ របស់អគ្គនាយកដ្ឋានពន្ធដា សារព័ត៌មានឌឹខេមបូឌាដេលី បានដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មក ដោយមិនបានបំពេញកាតព្វកិច្ច បង់ពន្ធនោះឡើយ ។ ក្នុងករណីនេះនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជូនលិខិតមួយច្បាប់ទៅសារព័ត៌មាន ឌឹខេបូឌា ដេលី ដើម្បីមកដោះស្រាយពន្ធមិនបានបង់ដែលមានទឹកប្រាក់ ៦,៣លានដុល្លារក ហើយសារព័ត៌មានឌឹខេមបូឌា ដេលី មានរយៈពេល ៣០ថ្ងៃក្នុងការឆ្លើយតប ។

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់សារព័ត៌មាននេះ មិនបានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងបានលើកពេលណាត់ជួបជាច្រើនលើក ហើយសារព័ត៌មាននេះ ក៏បានបញ្ឈប់ប្រតិបត្តិការ ផ្សាយដោយខ្លួនឯង ដោយសារតែការខកខាន មិនបានបំពេញកាតព្វកិច្ចពន្ធ ស្របទៅតាមច្បាប់ពន្ធដារ ។

ក្រសួងគូសបញ្ជាក់ថា ក្រោយកាលបរិច្ឆេទ ៣០ថ្ងៃ បានកន្លងផុតទៅ អគ្គនាយកដ្ឋានពន្ធដាមិនមានជំរើសអ្វីក្រៅតែពីអនុវត្តវិធានការស្របតាមច្បាប់ពន្ធដា ដោយរួមមានការបិទគណនី ធនាគាររបស់សារព័ត៌មានឌឺខេមបូឌាដេលី ។ ការតម្រូវឲ្យបង់ពន្ធនេះ មិនមែនផ្តោតចំពោះតែសារព័ត៌មាន ឌឹខេមបូឌាដេលី នោះទេ។

ក្រសួងបន្ថែមថា ករណីស្រដៀងគ្នានេះដែរ គួរត្រូវលើកមកបង្ហាញ គឺវិទ្យុអាស៊ីសេរី (RFA) មិនបានទទួលច្បាប់អនុញ្ញាត ណាមួយសម្រាប់ធ្វើប្រតិបត្តិការទេ។ ហេតុដូចនេះ អគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យអង្គភាពនេះ មកធ្វើការបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចពន្ធរបស់ខ្លួន ។ ដោយខកខានមិនអាចបំពេញ កាតព្វកិច្ចច្បាប់បានវិទ្យុអាស៊ីសេរី បានបិទការិយាល័យ និងបញ្ឈប់បុគ្គលិករបស់ខ្លួន ហើយចាប់ផ្តើមធ្វើប្រតិបត្តិការ ជាសំងាត់នូវរបៀបវារៈដែលអវិជ្ជាជីវៈ ក្នុងការបង្ខូចកិតិ្តនាមរាជរដ្ឋាភិបាលកម្ពុជា និងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី បានសម្រេច បិទការិយាល័យ របស់ខ្លួនដោយស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។ សម្រាប់កាសែត ឌឹ ខេមបូឌា ដេលី បានឈប់ដំណើរការនៅថ្ងៃទី៤ កញ្ញា បន្ទាប់ពីខ្លួនបានដំណើរការចំនួន២៤ឆ្នាំ និង១៥ថ្ងៃ នៅកម្ពុជា ក្រោយពីមិនមានដំណោះស្រាយ ស្ដីពីរឿងពន្ធតម្លៃ ២៥ពាន់លានរៀល ឬជាង ៦លានដុល្លារ ៕

ដោយ៖ ខា ដា

Facebook Comments

To Top