នយោបាយ

លោក រ៉ុង ឈុន ហាក់ពុំមានជំនឿ លើក្រសួងមហាផ្ទៃ ក្រោយប្រកាសឲ្យ NGOs ធ្វើសកម្មភាព មិនបាច់សុំអាជ្ញាធរ

ភ្នំពេញ៖ អតីតប្រធានសមាគម គ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន ហាក់ពុំមានជំនឿចិត្ត ទៅលើក្រសួងមហាផ្ទៃ ដែលបានចេញលិខិតផ្ដល់សិទ្ធិ ឲ្យអង្គការសង្គមស៊ីវិល (NGOs)នានា ធ្វើបាតុកម្មដោយមិនបាច់ជូនដំណឹងទៅក្រសួងមហាផ្ទៃ ហើយថានេះ គ្រាន់តែចេញឲ្យល្អមើលតែប៉ុណ្ណោះ។

ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ ខួបលើកទី៧០ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក រ៉ុង ឈុន បានថ្លែងទាក់ទងទៅនឹងលិខិតរបស់ក្រសួងមហាផ្ទៃដែល បានបើកសិទ្ធិឲ្យអង្គការសង្គមស៊ីវិល ធ្វើបាតុកម្មនៅតាមបណ្ដាខេត្ត ឬរាជធានី មិនចាំបាច់ជូនដំណឹងទៅក្រសួងមហាផ្ទៃក៏បានដែរនោះ គ្រាន់តែជារូបភាពឲ្យល្អមើលប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងករណីនៅខេត្តព្រះវិហារ បន្ទាយមានជ័យ ត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យធ្វើបាតុកម្មទៅវិញ ។

លោកបន្តថា “ចឹងប្រហែលក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម គ្រាន់តែចេញឲ្យតែល្អមើល ប៉ុន្តែក្រោមតុ ខ្សឹបប្រាប់កូនចៅថា បើសិនជាពួកអស់ហ្នឹងទៅធ្វើ ហ្អែងកុំឲ្យវាធ្វើ អាហ្នឹងន័យបែបហ្នឹង”។

លោកក៏បានស្នើឲ្យ សម្ដេចក្រឡាហោម ស ខេង ពិនិត្យមើលអាជ្ញាធរនៅតាមមូលដ្ឋានឡើងវិញ ឲ្យពួកគេអនុវត្តតាមសេចក្តីប្រកាសរបស់សម្តេច កុំឲ្យបានតែប្រកាស តែការអនុវត្តមិនមាន ។ លោកថា ការចេញសេចក្ដីប្រកាស និងការអនុវត្តត្រូវដើរទន្ទឹមគ្នាទើបជាការល្អ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ វិច្ឆិកា សម្តេច ស ខេង បានប្រកាសថា សមាគម អង្គការមិនមែនរដ្ឋាភិបាល មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាព ស្របច្បាប់នៅកម្ពុជា ដោយពុំចាំបាច់ជូនដំណឹង ទៅអាជ្ញាធរដូចមុនទេ ឲ្យតែបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តាំផ្ញើទៅអភិបាលរាជធានី-ខេត្ត ត្រូវជួយសម្រួលការធ្វើសកម្មភាព របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានផងដែរ នៅពេលពួកគាត់ធ្វើសកម្មភាពអ្វីមួយ ៕

ដោយ៖ធី លីថូ

Facebook Comments

To Top