នយោបាយ

លោក ផៃ ស៊ីផាន៖ រ៉ុង ឈុន បារម្ភខ្លាច EU ដក EBA ពីកម្ពុជា គ្រាន់តែមាននិន្នាការនយោបាយ

ភ្នំពេញ៖ បន្ទាប់ពីលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានសម្ដែងការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចសហភាពអឺរ៉ុប (EU) ដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីកម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ការលើកឡើងនេះគ្រាន់ មាននិន្នាការនយោបាយ និងមិនមែនជាមនុស្សសុច្ចរិត ក្នុងការដោះស្រាយ ដើម្បីផលប្រយោជន៍កម្មករទេ ។

ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ ខួបលើកទី៧០ ឆ្នាំ២០១៨ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នាទីលានប្រជាធិបតេយ្យថ្មី លោក រ៉ុង ឈុន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចសហភាពអឺរ៉ុប(EU) ដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីកម្ពុជា ព្រោះបច្ចុប្បន្នមានកម្មករប្រមាណជា ៩០ភាគរយ បានជំពាក់លុយធនាគារ ដូច្នេះបើមានការដកមែននោះ កម្មករពិតជាពុំមានលុយសងធនាគារទេ ។

លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ធ្នូ ថា រាជរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយតម្លៃ ចំពោះអ្វីដែលអាច នឹងកើតឡើងជាយថាហេតុ ហើយការលើកឡើងនេះ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ។ រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចស្រេចហើយ ក្នុងការដោះស្រាយរឿងនេះ ។

លោកបញ្ជាក់ថា “ការព្រួយបារម្ភរបស់គាត់ (រ៉ុង ឈុន) គ្រាន់តែជានិន្នាការនយោបាយ គាត់មិនមែនជាមនុស្សសុច្ចរិត ក្នុងការដោះស្រាយជាមួយ នឹងផលប្រយោជន៍កម្មករទេ ។ រាជរដ្ឋាភិបាល បានធ្វើកិច្ចការនេះយ៉ាងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុបនេះឯង” ។

លោក ផៃ ស៊ីផាន សង្ឃឹមថា ក្នុងរយៈពេល១៨ខែទៅមុខទៀត រាជរដ្ឋាភិបាលនឹងអាច ដោះស្រាយបានចំពោះបញ្ហា EBA ហើយរឿងនេះ ក៏មិនជាឧបសគ្គខ្លាំងដែរ ព្រោះកម្ពុជា និងសហភាពអឺរ៉ុប គឺជាដៃគូ មិនមែនជាក្រុមប្រឆាំង ដូចលោក រ៉ុង ឈុន ប្រឆាំងនឹងរាជរដ្ឋាភិបាល ។

ពាក់ព័ន្ធនឹងការជំរុញ ឲ្យរាជរដ្ឋាភិបាលកំណត់ប្រាក់ ឈ្នួលអប្បបរមា២០៧ដុល្លារ ក្នុងមួយខែសម្រាប់កម្មករ លោក ផៃ ស៊ីផាន គូសបញ្ជាក់ថា ចំពោះការដោះស្រាយ រឿងប្រាក់ខែមិនមែន ត្រូវទាមទារយកពីគេ ស្រេចតែចិត្តនឹកឃើញទេ ។ លោកថា សហជីពគួររៀបចំគោលជំហរថ្មី គឺសហការ និងការដោះស្រាយ ក្នុងលក្ខណៈជាដៃគូ ហើយអ្វីដែលគាត់នឹកឃើញនេះ គឺគាត់ធ្វើដូចទស្សវត្សរ៍ទី១៤ ទី១៥ តែប៉ុណ្ណោះ ។

លោកបន្ថែមថា គ្មានសម័យកាលមួយណា បានយកចិត្តទុកដាក់ជាមួយកម្មករ ដូចសម័យកាលតេជោទេ ។ សម័យកាលពីដើម គេចាត់កម្មករដូចជា កញ្ជះគេ ប៉ុន្តែក្នុងសម័យកាលតេជោ គឺកម្មករមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ។

សូមរំលឹកផងដែរថា សហព័ន្ធ សហជីព សមាគម តំណាងឲ្យសមាជិកជាង ១០ម៉ឺននាក់ គ្របដណ្តប់១៦រាជធានី-ខេត្ត បានស្នើសុំឲ្យប្រមុខរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាសំខាន់ៗ ចំនួន១៩ចំណុច នៅថ្ងៃទី១០ ធ្នូ ទិវាសិទ្ធិសមនុស្សអន្តរជាតិលើកទី៧០ ។

យោងតាមសំណើររបស់ពួកគាត់ បានលើកឡើងថា ក្នុងឱកាសទិវាសិទ្ធិមនុស្ស អន្តរជាតិខូបលើកទី៧០ (១៩៤៨-២០១៨) ស្នើរាជរដ្ឋាភិបាលជួយ ដោះស្រាយបញ្ហាដូចជា៖ រាជរដ្ឋាភិបាល ត្រូវកំណត់ប្រាក់ឈ្នួលអប្បបរមា ២០៧ដុល្លារ ក្នុងមួយខែដល់កម្មករ , រាជរដ្ឋាភិបាលពង្រឹង និងពង្រីកសេវាកម្ម របបសន្តិសុខសង្គមដល់កម្មករ , រាជរដ្ឋាភិបាលត្រូវធានា សេរីភាពសហជីព ឲ្យស្របតាម អនុសញ្ញាអង្គការអន្តរជាតិខាងការងារ , រាជរដ្ឋាភិបាលធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃច្បាប់ ស្តីពី សហជីព , រាជរដ្ឋាភិបាលចេញប្រកា ស្តីពី សុខភាព និងសុវត្ថិភាពនៅកន្លែងការងារ , រាជរដ្ឋាភិបាលធានា កុំឲ្យមានការបំភិតបំភ័យ គំរាមកំហែង អំពើហិង្សា ការធ្វើទុក្ខបុម្នេញ និងជួយអន្តរាគមន៍ ទម្លាក់ចោទប្រកាន់ និងបណ្តឹងទាំងឡាយ ទៅលើថ្នាក់ដឹកនាំសហជីព ព្រមទាំងចំណុចមួយចំនួនទៀត ៕ ដោយ៖ ខា ដា

 

Facebook Comments

To Top