កីឡា

 FFC ប្រកាសតម្លើងប្រាក់ខែគ្រូម្នាក់ៗ ២លានរៀល បន្ថែមលើប្រាក់រដ្ឋផ្ដល់ឲ្យ ចាប់ពីឆ្នាំ២០១៩ ទៅ!

ភ្នំពេញ៖ លោកនាយកឧត្តមនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសតម្លើងប្រាក់បៀវត្សន៍ដល់គ្រូបង្វឹករបស់សហព័ន្ធ ចាប់ពីឆ្នាំ២០១៩ ទៅ ក្នុងម្នាក់ៗនឹងទទួលបានយ៉ាងតិច ២លានរៀល បន្ថែមលើប្រាក់ខែ ដែលរដ្ឋបានផ្ដល់ឲ្យ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើក ការប្រកួតលីគយុវជន U15, U17 និងលីគបាល់ទាត់នារី ឆ្នាំ២០១៨ ខេត្តព្រះវីហារម្សិលមិញ ។

ជុំវិញការប្រកាសតម្លើងប្រាក់ខែដល់គ្រូៗនេះ ដោយសារសហព័ន្ធចង់រួមចំណែកលើកកម្ពស់ជីវភាពគ្រូបង្វឹក ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលបានលើកកម្ពស់ជីវភាព មន្ដ្រីរាជការ កម្មករ និយោជិត ទាំងរដ្ឋ និងឯកជន ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា សហព័ន្ធក៏ត្រូវការពិនិត្យលើគុណភាពការងារនិងគុណ សម្បត្តិរបស់គ្រូម្នាក់ៗផងដែរ ត្បិតកន្លងមក សហព័ន្ធធ្លាប់បានអនុវត្តគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភនេះដល់គ្រូបង្វឹកម្នាក់ៗ រួចមកហើយ ។

ប្រធានសហព័ន្ធដ៏មានសក្ដានុពលរូបនេះ បញ្ជាក់ថា «ចាប់ពីឆ្នាំ២០១៩ ទៅ ដោយផ្អែកលើគុណសម្បត្តិ និងគុណភាពគ្រូម្នាក់ៗ គ្រូទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាល ប្រឡង និងទទួលបានសញ្ញាបត្រ ហើយធ្វើការតាមពេលកំណត់ ពិសេសគោរពគោលការណ៍មួយថ្ងៃ ៨ម៉ោង សហព័ន្ធនឹងពិនិត្យឧបត្ថម្ភប្រាក់ប្រចាំខែ ក្នុងមួយខែគឺ២លានរៀល បន្ថែមលើប្រាក់ខែ ដែលរដ្ឋបានផ្ដល់ ។ ចឹងគ្រូម្នាក់ៗ អាចទទួលបានប្រាក់ខែសរុបជាង ៣លានរៀល ឬជាង ៧៥០ដុល្លារក្នុងមួយខែ ព្រោះរដ្ឋផ្ដល់ជូនយ៉ាងតិច ១លានរៀលដែរ» ។

ប្រមុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសដដែលបន្ដថា «ការតម្លើងប្រាក់ខែនេះ នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ នឹងបំពេញ ដោយមិនបើកផ្ទាល់ទេ គឺបើកតាមប្រព័ន្ធធនាគារ គឺធនាគារអេស៊ីលីដា តម្លាភាព អត់មានពុករលួយអីទេ ។ ដូច្នេះយើងសង្ឃឹមថា លោកគ្រូ និងអ្នកគ្រូទាំងអស់ នឹងសប្បាយចិត្ត ចំពោះការធ្វើកំណែទម្រង់ថ្មីមួយនេះហើយខិតខំ បំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ទូទាំងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន» ។

គួរបញ្ជាក់ថា លីគបាល់ទាត់ U15, U17 និងលីគបាល់ទាត់នារី ឆ្នាំ២០១៨ គ្រោងធ្វើការប្រកួតរយៈពេលជិត ២ខែ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ដោយអនុវត្តរូបមន្ដប្រកួតក្នុងដី និងក្រៅដី ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏នឹងផ្ដល់ឱកាសដល់កីឡាករមានសមត្ថភាព និងទេពកោសល្យល្អក្នុងការជ្រើសរើស មកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាករជម្រើសជាតិយុវជន នាឆ្នាំបន្ដបន្ទាប់ទៀតផង ៕

Facebook Comments

To Top