កីឡា

សាលី អ៊ូមើត លើកពាន King Cup លើវិញ្ញាសាធ្លាប់ឈ្នះ មេដាយមាស Asian Games

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន! វីរកីឡាករ សាលី អ៊ូមើត បានបង្ហាញភាពខ្លាំង និងលើកទន់ជាតិខ្មែរ លើឆាកអន្ដរជាតិទៀតហើយ ដោយដណ្ដើមបានជើងឯក ក្នុងការប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់ King Cup-Jet Ski World Cup 2018 នៅក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នេះ លើវិញ្ញាសា Ski Modifier ដែលខ្លួនធ្លាប់ឈ្នះ មេដាយមាស Asian Games កាលពីខែសីហាកន្លងទៅ ។

តាមការបញ្ជាក់លើទំព័រហ្វេសប៊ុក របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ មានកីឡាករជើងខ្លាំងជាង ៥០ប្រទេសចូលរួមនេះ កីឡាករ សាលី អ៊ូមើត របស់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបាន ចំណាត់លេខ១ ក្នុងការប្រកួតសន្សំពិន្ទុចំនួន ៤ជុំផ្ទួនៗ ដើម្បីក្លាយជាជើងឯក លើវិញ្ញាសា Ski Modifier តែម្ដង ។ មិនតែប៉ុណ្ណោះ កីឡាករ ម៉ីន មូសស្ដាន ក៏ទទួលបានលេខ៣ ក្នុងវិញ្ញាសានេះដែរ ។

នេះគឺជាឆ្នាំដ៏ជោគជ័យ សម្រាប់វីកីឡាករ សាលី អ៊ូមើត ដែលដណ្ដើមបាន សមិទ្ធផលធំៗចំនួន ៣ បើគិតចាប់ពីខែសីហាកន្លងទៅ រួមមានការដណ្ដើមបាន មេដាយមាស ១ និងសំរឹទ្ធ ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហា ។ ក្រោយមកជាង ១ខែ អ៊ូមើត ដណ្ដើមបានជើងឯករង ក្នុងការប្រកួត កម្រិតពិភពលោកមួយទៀត នៅសហរដ្ឋអាមេរិក និងចុងក្រោយ ឈ្នះជើងឯក នៃពានរង្វាន់ King Cup-Jet Ski World Cup 2018 ។

ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលកីឡាករមានដើមកំណើត ពីខេត្តត្បូងឃ្មុំរូបនេះ ដណ្ដើមបានជើងឯក ក្នុងព្រឹត្តិការណ៍ King Cup-Jet Ski World Cup នៅថៃនោះទេ ពោលគឺគេធ្លាប់ដណ្ដើមបានជើងឯក និងជើងឯករងជាច្រើន លើកមកហើយ ហើយគេកំពុងបន្ដការ ខិតខំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនាមកីឡាករ ជម្រើសជាតិកម្ពុជា នាពេលខាងមុខផងដែរ ៕

Facebook Comments

To Top