ព័ត៌មានជាតិ

៤ម៉ោងអស់ សៀវភៅជិត២មុឺនក្បាល

ភ្នំពេញ៖ សៀវភៅប្រមាណជិត២មុឺនក្បាល ត្រូវបានចែកអស់តែ ក្នុងរយៈពេល៤ម៉ោង នៅឯពិធីតាំងពិព័ណ៍ សៀវភៅនៅបណ្ណាល័យជាតិ នាថ្ងៃសុក្រនេះ ។

លោក សោម រតនា អ្នកចូលរួមចែកសៀវភៅម្នាក់មកពីសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដែលជាស្ថាប័នរៀបចំចែកចាយសៀវភៅជាអំណោយរបស់សម្តេចតេជោហ៊ុន សែន បាននិយាយថា យុវជនស្ម័គ្រចិត្តរបស់ សសយក ចំនួនជិត២០នាក់បានខ្វែងដៃខ្វែងជើងចែកសៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និង សៀវភៅ អ៊ូ ចុង ស្ទើរតែរកពេលដកដង្ហើមមិនរួចដោយសារតែមានអ្នកស្រលាញ់សៀវភៅច្រើនពេកស្ទើរមិនគួរឱ្យជឿ។

លោក សៅ សាមុទ្ទ ដែលមានវ័យចំណាស់មួយរូបបានតស៊ូមកជាមួយភរិយា សុខចិត្តចំណាយពេលជិត៤ម៉ោងដើម្បីរង់ចាំយកសៀវភៅទាំងបីចំណងជើង។

លោកបានមានប្រសាសន៍ថា សៀវភៅទាំងបីខាងលើពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកអាននិងអ្នកសិក្សា ហើយសំខាន់បំផុតគឺទឹកចិត្តរបស់សម្តេចហ៊ុន សែន ដែលគិតគូរដល់អ្នកសិក្សានិងអ្នកនិយមអានសៀវភៅនៅកម្ពុជា ។

ការចែកជូនសៀវភៅដោយឥតគិតថ្លៃរបស់សម្តេច ហ៊ុន សែន ត្រូវបានមហាជនចាត់ទុកថាជា “កាយវិការមួយដ៏ប្រពៃ ដែលជួយកន្រ្ទាក់ និងអង្រួនអារម្មណ៍ ពលរដ្ឋខ្មែរឱ្យងាក មករកការអាន ជាពិសេសក្នុងស្រទាប់យុវវ័យកម្ពុជា”។

ហ៊ីម ឌល់រ៉ហ្វួត និង ម៉ាត់ ឌល់រ៉ស់ម៉ាន ជាមន្ត្រីអង្គការសប្បុរសធម៌មួយនៅទីក្រុងភ្នំពេញ បាននិយាយថា ពួកគាត់រីករាយខ្លាំងណាស់ នៅពេលឮថាមានការចែកសៀវភៅ ដោយឥតគិតថ្លៃ ព្រោះពួកលោកចូលចិត្ត អានសៀវភៅខ្លាំងណាស់ ហើយមិនធ្វើឱ្យម្ចាស់អំណោយ “ខកចិត្តឡើយ”។

សម្រាប់សិស្ស និស្សិត និងបងប្អូនទាំងអស់មកពីគ្រប់មជ្ឈដ្ឋាននិងគ្រប់ខេត្តក្រុង ដែលជាអ្នកនិយមអានសៀវភៅអាចមកទទួលយក សៀវភៅទាំងបី ចំណងជើងខាងលើ បានដោយមិនអស់កម្រៃអ្វីឡើយនៅ ឯបណ្ណាល័យជាតិ ក្បែរវត្តភ្នំ រហូតដល់ថ្ងៃអាទិត្យ វេលាម៉ោង ៥ល្ងាច ។ “សៀវភៅរស់ ចំណេះរីក”

Facebook Comments

To Top