ព័ត៌មានជាតិ

វៀតណាម​ ទន្ទឹងរង់ចាំទទួល ព្រះរាជទស្សនកិច្ច ព្រះមហាក្សត្រខ្មែរ​ និងសម្ដេចម៉ែ​ នៅវៀតណាម ឆាប់ៗនេះ

ភ្នំពេញ៖​ លោក​ ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម​ បានលើកឡើងថា​ លោកនឹងទន្ទឹងរង់ចាំ​ ទទួលព្រះរាជទស្សនកិច្ច​ របស់ព្រះករុណា​ ព្រះបាទសម្ដេច​ ព្រះបរមនាថ​ នរោត្ដមសីហមុនី​ ព្រះមហាក្សត្រកម្ពុជា​ និសម្ដេចម៉ែ​ នៅប្រទេសវៀតណាម​ ក្នុងពេលឆាប់ៗខាងមុខនេះ​ ។

យោងតាមបណ្ដាញ​ ទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ​ ហ៊ុន​ សែន​ បានឲ្យដឹងថា​ នៅរសៀលថ្ងៃទី៧ ធ្នូនេះ បន្ទាប់ពីជួបសំណេះសំណាលជាមួយ សមាគមមិត្តភាពកម្ពុជា-វៀតណាម រួចហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម នៅទីក្រុងហាណូយ។

នៅក្នុងឱកាសនោះសម្តេចតេជោ បានជំរាបលោកប្រធាន រដ្ឋសារជាថ្មីឡើងវិញ​ អំពីលទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេច និងនាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកមិញដែលទទួលបានលទ្ឋផលវិជ្ជមាន។

ជាការឆ្លើយតបលោក ប្រធានរដ្ឋវៀតណាម បានមានបករសាសន៍ថា ប្រទេស វៀតណាម និងកម្ពុជា ធ្លាប់មានប្រពៃណី រួមរស់ជាប្រទេសជិតខាង ហើយធ្លាប់ប្រកៀកស្មាគ្នាតស៊ូជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំ នូវទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាបន្តទៀត ប្រកបដោយការទុកចិត្តគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋវៀតណាម ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ តាមរយៈសម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោកប្រធានរដ្ឋបញ្ជាក់ថា​ “ខ្ញុំរីករាយ នឹងរង់ចាំទទួលព្រះរាជទស្សនកិច្ច របស់ព្រះអង្គនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។ ខ្ញុំក៏សូមអបអរសាទរជាថ្មីម្តងទៀត ចំពោះជោគជ័យគណបក្ស ប្រជាជនកម្ពុជា ដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសារ ជាថ្មីសម្រាប់អាណត្តិទី៦” ។

ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោ បានជូនពរ លោកប្រធានរដ្ឋដែលត្រូវបាន​ ជ្រើសរើសជាប្រធានរដ្ឋវៀតណាមកាលពីពេលថ្មីៗកន្លងមកនេះ និងជូនពរឲ្យប្រធានរដ្ឋទទួលបាន​ ជោគជ័យជាបន្តបន្ទាប់ទៀត៕

Facebook Comments

To Top