នយោបាយ

លោក សុខ ឥសាន៖ ផ្ទៃក្នុងខ្លួនឯង មិនចុះសម្រុងគ្នា ​កុំបន្ទោសថាមកពី អ្នកដទៃបំបែកបំបាក់

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងថា អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើង ដោយបង្ខំរវាងសារធាតុពីរ ដែលមិនស៊ីគ្នាតាំងពីដើមមក​ ប្រៀបបានដូចជាទឹកនិងប្រេង​ ទោះបីដាក់ក្នុងដបតែមួយ​ ក្រឡុកឲ្យចូលគ្នា ​ក៏មិនអាចរលាយ ចូលគ្នាបានដែរ ។

លោក សុខ ឥសាន បានបញ្ជាក់តាមបណ្ដាញ ទំនាក់ទំនងសង្គម តេឡេក្រាមថា” ដូច្នេះហើយបានជាតាំងពី កើតមកនាឆ្នាំ២០១២ ​សមាសធាតុទាំងពីរ នៅតែមានទំនាស់គ្នា​ ខ្វែងគំនិតគ្នាជាប់ជានិច្ច​ ទោះបីចៅហ្វាយធំ នៅឯលិចមេឃ ខិតខំចាប់បញ្ចូលគ្នា យ៉ាងណាក្តី។ បញ្ហាសំខាន់​ ការបែកបាក់ មិនមែនបណ្តាលមកពី កត្តាខាងក្រៅទេ ​តែបណ្តាល មកពីកត្តាផ្ទៃក្នុង យ៉ាងច្បាស់​ ជាក់ស្តែងគឺជន ដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យ​ជនស្នេហាជាតិក្លែងក្លាយនោះហើយ គឺជាអ្នកប្រើឧបាយកល ដណ្តើមឥទ្ធិពលលើម្ខាងទៀត នោះហើយ ជាអ្នកបំបែកបំបាក់។ បើផ្ទៃក្នុងជាអ្នកបំបែក​ មិនអាចរក​វិធីណាមកទប់ទល់ មិនឲ្យបែកបានទេ”។

លោកសុខ ឥសាន បានឲ្យដឹងបន្ថែមថា “ការបែកបាក់ផ្ទៃក្នុង របស់អតីតបក្សប្រឆាំងនេះ​ វាជាសារជាត ​ដែលកើតចេញ ពីហ្សែន ដែលមានតាំងពីកំណើតមក​។ ហេតុនេះបើខ្លួនឯង មិនខ្មេះទេ ​ចូរកុំមកបន្ទោស លើអ្នកដទៃ​។ហើយអ្នកវិភាគ អគតិលំអៀង​កុំខិតខំបំភាន់មតិសាធារណៈ ឲ្យសោះអត់ប្រយោជន៍ទេ” ។

សូមជម្រាបថាផ្ទៃ ក្នុងអតីតគណបក្សសង្រ្គោះជាតិ បានឈានទៅដល់ការបែកបាក់ធ្ងន់ធ្ងរ មិនអាចស្រោចស្រង់ បានក្រោយពីអ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ (CNRP) ខាងក្រុមលោក កឹម សុខា អះអាងថាសន្និសីទ របស់អតីត សាខាគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក ដែលជ្រើសយកលោក សម រង្ស៊ី ឲ្យធ្វើជាអតីតប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ គឺផ្ទុយទាំងស្រុងពី លក្ខន្តិកៈទាំងស្រុង និងមិនអាចទទួលយកបានជាដាច់ខាត ៕

Facebook Comments

To Top