នយោបាយ

យុវជន ស.ស.យ.ក. សាទរខួប៦០ឆ្នាំ ទំនាក់ទំនងការទូត កម្ពុជា-ចិន និងរំលឹកវីរភាព សម្តេចព្រះបរមរតនកោដ្ឋ នៅទីក្រុងប៉េកាំង

ប៉េកាំង៖ យុវជនបន្តវេនកម្ពុជា ប្រមាណ២០០នាក់ បានចូលរួមអបអរសាទរ ខួបលើក ទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក្នុងឱកាស នៃជំនួបមិត្តភាព យុវជនកម្ពុជា-ចិន នៅទីក្រុងប៉េកាំង។ ក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរំលឹកដល់ ការផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងស្អិតរមួតរវាងប្រទេស ទាំងពីរកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយអតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋជាមួយលោក ប្រធានាធិបតីចិន ម៉ៅ សេទុង និងលោកអតីតប្រធានាធិបតី ជូ អេនឡាយ។ នេះបើតាមយោងតាមហ្វេសប៊ុករបស់ស.ស.យ.ក.។

ទំនាក់ទំនងការទូតកម្ពុជា-ចិន ត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួនមកដល់សព្វថ្ងៃដោយសារមានការយកចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជំនាន់។ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិនត្រូវបានពង្រឹង និងពង្រីកដែលមានលក្ខណៈស៊ីជម្រៅទៅជា «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្រោមម្លប់នៃព្រះប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំចិន ជាពិសេស លោកប្រធានាធិបតី ស៊ី ជិនពីង ទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ និងត្រូវបានចាត់ទុកដោយប្រមុខ ថ្នាក់ដឹកនាំប្រទេសទាំងពីរជាចំណងមិត្តភាពយូរអង្វែង “មិត្តភាពដែកថែប” ក្នុងចក្ខុវិស័យអភិវឌ្ឍប្រទេសទាំងពីរលើគ្រប់វិស័យ។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់បន្ថែមបន្តពីជំនាន់មុន និងបន្តការទំនាក់ទំនងគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ ឲ្យតម្លៃគ្នាដោយភាពស្មោះស្ម័គ្រ។ មនុស្សទោះបីមានក្រយ៉ាងណា គប្បីរាប់អានគ្នា និង គោរពគ្នាទៅវិញទៅមកដោយភក្តីភាពជាមួយអ្នកដែលមានចរិត និងចេតនាល្អ។ ការទាក់ទងរវាងប្រទេស និងប្រទេសក៏ដូចច្នោះដែរ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គណៈប្រតិភូ ស.ស.យ.ក. បានចូលរួមកម្មវិធីជាច្រើនក្នុងការផ្លាស់ប្តូរវប្បធម៌យុវជនអាស៊ាន វគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងអាស៊ាន និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតផងដែរ។ ដោយឡែកសហព័ន្ធយុវជនទូទាំង ប្រទេសចិនក៏តែងតែឆ្លើយតបជាវិជ្ជមាន និងតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយ ស.ស.យ.ក. រួមមាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កិច្ចប្រជុំក្រុមប្រឹក្សាយុវជនអាស៊ី ក៏ដូចជាកម្មវិធីមហោស្រពអប់រំ និងវប្បធម៌អន្តរជាតិ (IYECF 2018) និងទស្សនកិច្ចផ្លូវការលើកទីមួយរបស់ ប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិនមកកាន់កម្ពុជាផងដែរ៕

Facebook Comments

To Top