អន្តរជាតិ

យន្តហោះកងទ័ពម៉ារីន អាមេរិកបុកគ្នាកណ្តាល អាកាសស្លាប់ម្នាក់ រកឃើញម្នាក់ ឯ ៥នាក់ទៀតបាត់ខ្លួន

បរទេស: ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រ ទី៧ ខែធ្នូនេះបានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរក សមាជិកនាវិកនៅលើយន្តហោះ ពីរគ្រឿងរបស់អាមេរិក ដែលបានបុកគ្នានៅពាក់កណ្តាល អាកាសនៅឯនាយឆ្នេរសមុទ្រ នៃប្រទេសជប៉ុន នៅដើមប៉ុន្មានព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ។

កងម៉ារីនបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ទាហានម៉ារីនម្នាក់ បានបាត់ជីវិតនៅក្នុងការធ្លាក់ យន្តហោះ និងសាកសពត្រូវបានរកឃើញវិញ ។ ទាហានម៉ារីនទីពីរត្រូវបានគេ ជួយសង្គ្រោះហើយត្រូវបាន គេពិពណ៌នាថា មានស្ថានភាពធម្មតា ខណៈដែលទាហានម៉ារីនប្រាំនាក់ទៀត នៅតែបាត់ខ្លួននៅឡើយ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថាយន្តហោះ KC-130 និង F / A-18 បុកគ្នានៅម៉ោង ១និង៤៣នាទីព្រឹកម៉ោង ក្នុងស្រុកហើយបើយោងតាម សេចក្តីថ្លែងការណ៍មួយ ពីកងម៉ារីនអាមេរិកបានឱ្យដឹងថា ការធ្លាក់យន្តហោះនេះបានកើតឡើង ក្នុងអំឡុងពេលចាក់សាំងលើអាកាស ដែលជាផ្នែកមួយនៃការហ្វឹកហ្វឺន ជាធម្មតាមួយរបស់ខ្លួន។ បេសកកម្មចម្បងរបស់ KC-130 គឺការចាក់ប្រេង ក្នុងលំហអាកាស។

មន្រ្តីការពារជាតិអាមេរិក ពីររូបបានប្រាប់ទូរទស្សន៍ CNN ថាគេជឿថា នាវិកចំនួន ៥នាក់បានជិះលើយន្តហោះ KC-130 និងពីរនាក់ទៀតនៅលើយន្តហោះ F / A-18 នៅពេលធ្លាក់យន្តហោះលើកនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

Facebook Comments

To Top